Home សង្គម ស្ថានីយភ្ញាស់ក្តាមសេះនៅសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង សម្រាប់រក្សាស្ថេរភាពក្តាមក្នុងសមុទ្រ

ស្ថានីយភ្ញាស់ក្តាមសេះនៅសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង សម្រាប់រក្សាស្ថេរភាពក្តាមក្នុងសមុទ្រ

0

ធនាគារក្តាម (ស្ថានីយក្តាម) គឺជាកន្លែងស្តុកក្តាមមេពង រហូតដល់ក្តាមមេទាំងនេះភ្ញាស់កូនចេញក្រៅ ក្នុងក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ ក្រោយភ្ញាស់រួច ដោយគេអាចប៉ាន់ប្រមាណយ៉ាងហោចក៏មានកូនក្តាម ១% ឬប្រមាណ ១ម៉ឺនកូនក្តាមដែរដែលនៅរស់។ ក្នុងនោះតាំងពីបង្កើតធនាគារក្តាមនេះមក សហគមន៍នេសាទភូមិថ្មី ខេត្តកែប បានប្រមូលក្តាមមេពងពីអ្នកនេសាទប្រមាណ ៥ពាន់ក្តាម យកមកស្តុកធ្វើការភ្ញាស់កូន។ នេះបើតាមការបញ្ជាក់ពីលោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ។

លោក ភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងដែរថា សហគមន៍នេសាទភូមិថ្មី គឺជាសហគមន៍មួយដែលសម្បូរទៅដោយព្រៃកោងកាង ស្មៅសមុទ្រ និងមានទីតាំងអំណោយល្អ ក្នុងការបង្កើតទៅជាតំបន់អភិរក្ស ពិសេសសាងសង់នូវទីតាំងសម្រាប់ភ្ញាស់កូនក្តាម ទើបយើងសម្រេចបង្កើតឱ្យមានស្ថានីយស្តុក ភ្ញាស់ និងលែងកូនក្តាមទាំងនោះចូលសមុទ្រវិញ ដើម្បីនិរន្តភាពភោគផលក្តាមនាថ្ងៃអនាគត។

លោកបន្ដទៀតថា ការភ្ញាស់ក្តាមមេពង ធ្វើឡើងមាន៣ដំណាក់កាល ទៅតាមស្ថានភាពពងរបស់វា ក្នុងនោះក្ដាមមេពងមួយ អាចផ្ទុកពងក្តាមបានរហូតដល់១លានពងឯណោះ ហើយ ការភ្ញាស់មេក្តាមនោះ អត្រារស់នៃកូនក្តាម ១% ក៏ជាចំនួនដ៏ច្រើននៃកូនក្តាមដែរ។

ពាក់ព័ន្ធនឹងកិច្ចការនេះ លោក ណុះ យ៉េប តំណាងសហគមន៍នេសាទភូមិថ្មី ក៏បានសំណូមដល់អ្នកនេសាទក្រោយពីចាប់បានក្តាមមេពង អាចផ្តល់មកកាន់សហគមន៍ដើម្បីធ្វើការភ្ញាស់កូន ឬលែងចូលសមុទ្រវិញតែម្តង ដើម្បីរួមគ្នាក្នុងការរក្សាលំនឹងក្តាមសេះក្នុងសមុទ្រឱ្យកាន់តែសម្បូរបែប៕

Previous articleភ្ញៀវទេសចរបរទេសជាង៦០០នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ
Next articleអាជ្ញាធរជាតិអប្សរា បើកដំណើរការខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យភ្ញៀវទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តពីទិសខាងកើត