ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ហ្វេសប៊ុក​​ និង តិកតុក គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏សំខាន់ ក្នុងការចែកចាយព័ត៌មាន ទាំងពិត និងក្លែងក្លាយ

0

ហ្វេ​ស​ប៊ុ​ក និង តិកតុក គឺជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​មាន​ប្រជាប្រិយភាព និង​សំខាន់ ក្នុង​ការ​ចែកចាយ​ព័ត៌មាន ដែល​ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពិត និង​ក្លែងក្លាយ ជា​ហេតុ​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​ទូទៅ ជា​ពិសេស​យុវវ័យ​ពិបាក​បែងចែក​រវាង​ព័ត៌មាន​ពិត និង​មិន​ពិត ។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​សឯក​ឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​- Say No to Fake News» នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ។

ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​ក្លែងក្លាយ គឺជា​បញ្ហា​ចំបង​ដែល​បន្ត​កើត​មាន​ជា​រៀងរាល់ថ្ងៃ ធ្វើ​អោយ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​ពី​មហាជន និង​បង្ក​ជា​ភាព​ចលាចល​ក្នុង​សង្គម ។

ឯកឧត្ដម​បញ្ជាក់​ថា បច្ចុប្បន្ន ហ្វេ​ស​ប៊ុ​ក និង តិកតុក បាន​ដើរតួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ចែកចាយ​ព័ត៌មាន លឿន រហ័ស ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ វា​ក៏​ជា​បណ្ដុំ​នៃ​ព័ត៌មាន​ក្លែងក្លាយ​ផង​ដែរ ពោល​គឺ​មាន​ទាំង​ព័ត៌មាន​ពិត និង​ក្លែងក្លាយ នៅ​លាយឡំ​គ្នា ធ្វើ​អោយ​អ្នក​ប្រើប្រាស់​ភាគច្រើន​ជា​ពិសេស​យុវវ័យ ពិបាក​បែងចែក រវាង​ព័ត៌មាន​ពិត និង​ក្លាយ ។

ឯកឧត្ដម នេត្រ ភក្ត្រា បាន​សង្កត់ធ្ងន់​ថា ព័ត៌មាន​ក្លែងក្លាយ​ដែល​គេ​បង្កើត​ឡើង​មាន​ចរិត​ញុះញង់ បំផ្លាញ​សង្គម កេ​ញ​ចំណេញ​នយោបាយ ធ្វើ​អោយ​មានការ​យល់​ច្រឡំ ។ ដូច្នេះ​ហើយ យុទ្ធនាការ «​និយាយ​ថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​- Say No to Fake News» មាន​គោលបំណង​ផ្លាស់​ប្តូរ​ឥរិយា​បទ របស់​ប្រជាជន ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទំនើប ដើម្បី​ទប់ស្កាត់​ការ​រីកសាយ​ភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​សង្គម​កម្ពុជា សំដៅ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ព័ត៌មាន ដែល​សន្តិសុខ​ព័ត៌មាន​នេះ គឺ​ក្រសួង​ព័ត៌មាន ផ្តោត​ទៅ​លើ​គោល​សំខាន់​៣ ទី​១៖ ធានា​សិទ្ធិ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​, ទី​២៖ គុណភាព​ព័ត៌មាន ផ្តល់​ជូន​ប្រជាពលរដ្ឋ ទី​៣៖ សុវត្ថិភាព​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ កិច្ច​ការងារ​នេះ គឺជា​ការ​រួមចំណែក​ដល់​ការ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​សង្គម ៕