ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានលើកឡើងថា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤ និង៤៨ នាទី ទៀបភ្លឺ (រំលងអធ្រាត្រនៃយប់ថ្ងៃទី ១៣) ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី និងជាថ្ងៃចូលឆ្នាំថ្មី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ នៅក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ។
ឆ្លៀតនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនជ្រាបអំពីខ្លឹមសារនៃផែនការណែនាំ ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់នេះ ដើម្បីអនុវត្តឱ្យបានល្អប្រសើរ ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដើម្បីវិធីសាស្ត្រ និងចំណុចល្អៗក្នុងការឯកភាព សម្រេចកំណត់បែងចែកភារកិច្ច ជូនដល់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់អនុវត្ត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ ក្រសួងធម្មការ និងសាសនា ឲ្យគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រម្លឹកដល់គ្រប់វត្តអារាមសម្អាត និងតុបតែងលម្អដោយ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប ទង់រំយោល បដាពាក្យស្លោកឱ្យបានសមរម្យ និង សហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យសាសនាតាមវត្ត អារាម ស្របតាមប្រពៃណីជាតិ ប្រពៃណីសាសនា ដូចជាពិធីពូនភ្នំខ្សាច់ សម្អាតព្រះពុទ្ធរូប ពិធីស្រោច ទឹកសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យ និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរឲ្យបានច្រើនកុះករ។
ដោយឡែកសម្រាប់កងកម្លាំងទាំងបីប្រភេទ ណែនាំអង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅតាមវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្ត ដើម្បីបង្កការសប្បាយរីករាយជូនដល់ប្រជារាស្ត្រ ដែលបានចូលរួមកម្សាន្ត ព្រមទាំងមានវិធានការទប់ស្កាត់ និងលុបបំបាត់នូវរាល់សកម្មភាពណាដែលល្មើសច្បាប់ ប្រាសចាកនឹងប្រពៃណី ទំនៀមទម្លាប់ជាតិ ហើយដែលផ្ទុយនឹងផែនការណែនាំ៕