Home សង្គម ខ្យងគោកប្រភេទថ្មីសម្រាប់ពិភពលោក បង្ហាញវត្តមាននៅភ្នំបាណន់ ខេត្តបាត់ដំបង

ខ្យងគោកប្រភេទថ្មីសម្រាប់ពិភពលោក បង្ហាញវត្តមាននៅភ្នំបាណន់ ខេត្តបាត់ដំបង

0

ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។

ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។

ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Chulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaen និងគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming។

តាមការសិក្សា កន្លងមកពីតំបន់ភ្នំថ្មកំបោរ ប្រទេសកម្ពុជា គេបានកត់ត្រាខ្យងគោកចំនួន១៣ប្រភេទ ពីពួក(Genus)ចំនួន៥ ក្នុងនោះក៏មិនទាន់មានពួក “Clostophis” នេះដែរ។

តាមការសិក្សារបស់ក្រុមស្រាវជ្រាវក៏បានបញ្ជាក់អំពីការរកឃើញនូវប្រភេទខ្យងគោកកំណត់ត្រាថ្មីសម្រាប់ពិភពលោក និងក៏បានបង្កើតនូវកំណត់ត្រាពួកថ្មីសម្រាប់ប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ខ្យងគោកពួក Clostophis ជាពួកខ្យងដែលមានទំហំតូច (ជាទូទៅតូចជាង២មីលីម៉ែត្រ) ហើយខ្យងឧទយាទិត្យ Clostophis udayaditinus គឺជាខ្យងទី២០នៃពួក Clostophis ដែលត្រូវបានគេរកឃើញ។

តំបន់ទេសភាពភ្នំថ្មកំបោរនៅប្រទេសកម្ពុជាសម្បូរទៅដោយប្រភេទសត្វដែលមានវត្តមានតែនៅក្នុងតំបន់ទាំងនេះ (Endemic) ។

ការរកឃើញនេះមានសារសំខាន់ព្រោះវាជាកំណត់ត្រាដំបូងនៃពួកខ្យង Clostophis នៅកម្ពុជា បានបង្ហាញពីលក្ខណ: ពិសេសនៃលក្ខខណ្ឌភូមិសាស្រ្ត និងប្រពន្ធអេកូឡូស៊ីនៃតំបន់ថ្មកំបោរកម្ពុជា ដែលមានសារសំខាន់សម្រាប់ការអភិរក្ស៕

Previous articleអ្នកនាំពាក្យក្រសួងព័ត៌មាន ៖ អ្នកប្រើប្រាស់បណ្តាញសង្គម គឺជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ
Next articleរដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះស្វែងយល់ពីមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការធនធានទឹក នៅសាធារណរដ្ឋកូរ៉េ