ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរម្លឹកបុគ្គលិកមណ្ឌលសុខភាពទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អប្រសើរ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាពអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាលបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃមណ្ឌលសុខភាព រួមមាន បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស។ ជាមួយនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះបរិស្ថាន និងអនាម័យល្អនៃមណ្ឌលសុខភាពអូរអំបិលនេះ។
ក្នុងឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីបានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំណុចសំខាន់ៗនោះ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ដល់ប្រជាពលរដ្ឋ។ ពង្រឹងឥរិយាបថវិជ្ជមាន និងភាពរួសរាយរាក់ទាក់ ការផ្តល់សេវាប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល អាចជួយឱ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល និងជឿជាក់លើការផ្តល់សេវា។ត្រូវយកចិត្តទុកដាក់ពិនិត្យស្ថានភាពជំងឺឱ្យបានច្បាស់លាស់ អាចជួយឱ្យការផ្តល់សេវាព្យាបាលមានប្រសិទ្ធភាពខ្ពស់។ ពន្យល់ឱ្យបានក្បោះក្បាយ អំពីស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រឡប់មកតាមដានតាមការណាត់ អាចជួយឱ្យអ្នកជំងឺយល់ដឹងច្បាស់លាស់ និងអនុវត្តតាមការណែនាំបានត្រឹមត្រូវ។
គួរឱ្យកត់សម្គាល់ផងដែរ អំពីអារម្មណ៍រីករាយ រំជួលចិត្តនៃបុគ្គលិកមន្ត្រីសុខាភិបាលមណ្ឌលសុខភាពអូរអំបិលចំពោះវត្តមានឥតព្រៀងទុករបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងមណ្ឌលរបស់ខ្លួននោះ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថតរូបអនុស្សាវរីយ៍ជាមួយមន្រ្តីសុខាភិបាល ហើយមន្ត្រីសុខាភិបាលទាំងអស់មានការស្វាគមន៍នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីហើយសន្យាអនុវត្តឱ្យកាន់តែប្រសើរជាងមុន៕