សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយទើបបោះពុម្ពក្រដាសប្រាក់២០ម៉ឺនរៀល។
ក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«ខែ៤នេះគឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់៥ម៉ឺនថែមទៀតមិនឱ្យយឺតជាងថ្ងៃ១១ខែមេសាទេ បើកម្ដងទាំងពីរតែម្ដង ដើម្បីលោកគ្រូអ្នកគ្រូអាចចូលឆ្នាំ ព្រោះរាល់ដងយើងបើកប្រាក់ខែ ពីរដងក្នុង១ខែ ចឹងដល់ខែ៤នេះគឺបើកសរុប មិនឱ្យយឺតជាងថ្ងៃ១១ខែ៤បូកជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលអ្នកខ្លះគេថា រដ្ឋាភិបាលដាច់យ៉ៃហើយ អស់លុយហើយ បានទៅបោះពុម្ពក្រដាសម្ភៃម៉ឺន ក្រដាស់ម៉ឺនដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់២០វស្សារបស់ព្រះមហាក្សត្រដែលធនាគារជាតិបោះ»។
សម្ដេចធិបតីថ្លែងបន្តថា« ឥឡូវបើសិនយើងបោះដោយសារអស់លុយមែន បោះ២០ម៉ឺនយកមក ប្រាកដជាឃើញក្រដាស២០ម៉ឺនចរាចរណ៍ពេញក្រុងហើយវាអត់មាន បើគេចង់បោះអាហ្នឹង គេមិនបោះ២០ម៉ឺនពិបាកចាយធ្វើអី គេបោះទឹកប្រាក់តូចដែលមិនមានការចាំបាច់ទេ ហើយបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារគ្មានលទ្ធភាពណាបើកឌុបក្នុងខែ៤ ហើយបើកទាន់ពេលវេលា បើកឌុបហើយថែមទាំងបើកប្រាក់ឧបត្ថម្ភមិនឱ្យដាច់នោះទេទាំងមន្ត្រី ទាំងមន្ត្រីចូលនិវត្តន៍បើកឱ្យអត់មានដាច់ទេ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេ គ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងបានច្បាស់លាស់ បា បា»។
សូមជម្រាប់ជូនថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ជាអាណាព្យាបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់ ដែលរួមមាន៖ អគារសិក្សា ១ ខ្នង កម្ពស់ ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលនានា៕