អនុប្រធានទី២ ព្រឹទ្ធសភា ស្នើឱ្យរៀបចំច្បាប់ក្ស័យធនធនាគារ ដើម្បីការពារប្រយោជន៍អតិថិជន

0

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានស្នើឱ្យធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណា រៀបចំច្បាប់ក្ស័យធនធនាគារ ដើម្បីការពារប្រយោជន៍អតិថិជន និងបង្កើនជំនឿក្នុងការសន្សំប្រាក់ក្នុងធនគារ។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត បានធ្វើឡើងនៅក្នុងពិធីបិទ សិក្ខាសាលាស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)​ និងអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៥​ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០- ២០ មីនា​២០២៥) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ជាមួយគ្នានោះ អនុប្រធានទី២ ព្រឹទ្ធសភា បានទទូចដល់ភាក់គីពាក់ព័ន្ធបង្កើនការប្រើប្រាក់រៀល តាមរយៈការផ្តល់នូវប្រយោជន៍ ដូចជាកម្ចីប្រាក់រៀលមានការប្រាក់ទាបជាងរូបបិយវត្ថុផ្សេងៗទៀត ឬបើការប្រើ KHQR ផ្ទេរប្រាក់ត្រូវបង់ថ្លៃសេវា សូមពិចារណាបន្តមិនយកថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់រៀល។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ក៏បានស្នើឱ្បធនាគារជាតិនៃកម្ពុជាបញ្ឈប់ធនាគារណា​ ដែលមិនឱ្យកាត់ប្រាក់របស់អតិថិជន ពីក្នុងគណនីដែលត្រូវបានព្យួរ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកអំពីវឌ្ឍនភាពសំខាន់ៗបី ដែលបានកើតមានក្នុងវិស័យ​ធនាគារ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋ មន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលពេលនោះមាន ឯកឧត្តម ជា ចាន់តូ ជាទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលរួមមាន៖

ទី១. ជនបទមានអត្រាការប្រាក់ប្រចាំឆ្នាំគឺប្រមាណ ៤០-៥០% នៅក្នុងរង្វង់ឆ្នាំ២០០០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ១៨% ជាអតិបរមា នាពេលបច្ចុប្បន្ន។

ទី២. សេវាធនាគារ​បានរីកដុះដាលពីទីក្រុងដល់ជនបទ ​និងមានភាពរឹងមាំ។

និងទី៣. បច្ចេកវិទ្យាឌីជីថល បានរីកចំរើនលឿន ជាក់ស្តែងគឺ KHQR បានក្លាយជាមោទនភាពមួយរបស់ខ្មែរយើង៕