ខេត្តព្រះសីហនុ៖ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ៤ ៦០២​ដុល្លារ ,ផលិតផលសរុបជាង ១ ៦០០លានដុល្លារ

0

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យ​ដឹងកាលពីពេលថ្មីៗនេះថា«ខេត្តព្រះសីហនុទទួល​បាន​ផលិតផល​សរុបចំនួន ១៦១៦,៧លានដុល្លារអាមេរិក និងចំណូលជាមធ្យម​សម្រាប់មនុស្សម្នាក់(GDP) ចំនួន ៤ ៦០២​ដុល្លារ, មានអត្រា​កំណើន​សេដ្ឋកិច្ច ៦ភាគរយ ដោយបានកាត់បន្ថយអត្រា​ភាព​ក្រីក្រ​ធ្លាក់ចុះមក​នៅត្រឹម ១,២២ភាគរយ នៅឆ្នាំ២០២៣»។

នេះមិនមែនជាការចៃដន្យទេ ជំរុញដល់ការអភិវឌ្ឍបន្ថែមទៀតនៅ​ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធី​​ពិសេស​ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងបានសម្រេច​ការបន្តការផ្តល់ «អត្ថប្រ​យោជន៍​ពិសេស» ក្រោមវិសាលភាពនៃ​កម្មវិធីពិសេស នេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ជាលទ្ធផល ក្រុមការងារជំរុញការ​វិនិយោគក្នុងខេត្តទទួលបានសំណើសុំលើក​ទឹកចិត្តចំនួន២៨១គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាត​ជាគោលការណ៍»ចំនួន ២៦៩​គម្រោង។

យោងតាម ឯកឧត្តម ម៉ាង ស៊ីណេត ដដែលបានឱ្យដឹងថា អនុគណៈកម្មាធិការវិនិយោគខេត្តចុះបញ្ជីគម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន១១គម្រោង ដែលមាន​ទុនវិនិយោគសរុបប្រមាណជាង ១៥លានដុល្លារ ក្នុង​នោះសម្រាប់​ឆ្នាំ២០២៤ មានចំនួន ៤គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារ។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​បាន​ឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២៤ សហគ្រាសដែល​កំពុងវិនិយោគនៅក្នុងតំបន់​មានចំនួន ១៩០ សហគ្រាស មកពី​ប្រទេស​ចិន អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់​កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ ដែលមានប្រាក់​ចំណូលប្រចាំខែប្រមាណ ៣០០ ដុល្លារ និងសម្រេចបានទំហំ​ទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារ គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុង​ខេត្ត​ព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៦៩ គម្រោង ដែលមានទុនវិនិ​យោគប៉ាន់ស្មានសរុប ចំនួន ៦,៦៦៩ លានដុល្លារ ។

ទាក់ទងខេត្តព្រះសីហនុដដែលកាលពីរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាល​ខេត្តអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការ​ការិយាល័យ “ច្រកចេញចូលតែមួយ” នៅសួនកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK (CAMBODIA) PLC ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

អង្គប្រជុំបានគាំទ្រលើការបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” និង ត្រៀមចូលរួមសម្របសម្រួលតាម​ភារកិច្ច​រៀងៗខ្លួន ដើម្បីជំរុញ​ដំណើរការការិយាល័យនេះ ក្នុងពេលឆាប់ខាងមុខ។

សូមជម្រាបជូនថា សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ ៨០ ហិកតា ជាមួយទុនវិនិយោគ ១០០ លានដុល្លារ ដែលបង្កើតឡើង ដើម្បីជំរុញការកែច្នៃ និង ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារ​អន្តរជាតិ តាមរយៈការផ្តល់សេវា​នានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និង មានចរិតជាប្រព័ន្ធអេកូឡូស៊ី ដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និង ការវេចខ្ចប់ ជាដើម។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ មានទិសដៅស្របនឹងអាទិភាពរបស់​រាជរដ្ឋា​ភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយ សម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់កសិ-ឧស្សាហកម្ម​នៅកន្លែងដទៃទៀត។

គួររំលេចឱ្យដឹងផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាស​ផលិត​ផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលី, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម។

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅ​ប្រែក្លាយ​ទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែល​មានសហគ្រាសសរុប ៣០០ និងអាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់ ។ ទន្ទឹមនេះ ក្រុមហ៊ុន​វិនិយោគ​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម​លើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១ ១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធ​លូ ទឹកនិង អគ្គិសនី ជាដើមដើម្បី​បម្រើដល់ការទាក់ទាញវិនិយោគ​ថ្មីៗទៀតខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និងដាក់​ចេញយន្តការជំរុញវិនិយោគនានាជាដើម៕