Home សង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងការអភិវឌ្ឍមនុស្ស ជាគ្រឹះសំខាន់ដើម្បីកសាងមូលធនមនុស្ស

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងការអភិវឌ្ឍមនុស្ស ជាគ្រឹះសំខាន់ដើម្បីកសាងមូលធនមនុស្ស

0

ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និង ការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម។ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិ និងការពារឧត្តមប្រយោជន៍របស់ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ គឺធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។

នេះបើយោងតាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងសារលិខិតដដែល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមាន៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានោះ ការទទួលស្គាល់សារៈសំខាន់ នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំងសេចក្តីត្រូវការក្នុងការពង្រីក និងពង្រឹងកម្លាំងសេវាសង្គម ត្រូវបានយកចិត្តទុកដាក់។ ជាក់ស្ដែងនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ផ្នែកសង្គមកិច្ច បាន និងកំពុងបណ្តុះបណ្តាលនិស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ។ ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ «គោលការណ៍ណែនាំស្តីពីសមត្ថភាពមូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា» ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់កម្លាំងសេវាសង្គម និងកំពុងបង្កើត គណៈវិជ្ជាជីវៈសង្គមកិច្ច ដែលជាយន្តការដឹកនាំ គ្រប់គ្រងក្នុងការផ្ដល់ការទទួលស្គាល់ បន្ត ព្យួរ និងបញ្ចប់ អាជ្ញាបណ្ណ ដល់ស្ថាប័ន ឬភ្នាក់ងារផ្តល់សេវាសង្គម និងកម្លាំងសេវាសង្គមនៅកម្ពុជា។

គួរជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាន និងកំពុងយកចិត្តទុកដាក់ និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្របខ្លួន និងឆ្លើយតបប្រកបដោយបុរសកម្ម ឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាព ដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។

ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះ ចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

Previous articleអូស្ត្រាលី បញ្ជាក់ពីគម្រោងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនៅកម្ពុជា ដើម្បីផ្តល់កម្មវិធីសិក្សារយៈពេលវែង និងខ្លី លើជំនាញចាំបាច់ជាច្រើន
Next articleឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសរំលេចពីកត្តាចំនួន៣ នាំ​ឱ្យក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើន