Home សង្គម រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ត្រូវបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល»

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «ត្រូវបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល»

0

នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom) ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព សូមពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប.ស.ស ដោយត្រូវធានាបានូវគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ចំពោះគ្រប់អ្នកជំងឺ។ បន្ថែមពីនេះ គឺត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានកិច្ចការងារនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញ និងកែលម្អបន្ថែមទៀត ប្រកបដោយសា្មរតីបុរេសកម្ម។

ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយរួមមាន៖ ការបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យបានលើកអំពីផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០២៨ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា និងកិច្ចការអភិវឌ្ឍនូវមន្ទីរពេទ្យបង្អែកស្រុក ទាំង២ កម្រិត (CPA1 និង CPA 2) ដើម្បីបង្កើន និងជំរុញប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅនឹងកន្លែង។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ សូមបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារផ្តល់សេវាសុខភាព ជាមួយស្មារតីទទួលខុសត្រូវ ដោយជំរុញការអភិវឌ្ឍន៍លើធនធានមនុស្ស អោយកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍។

Previous articleឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី (Angkor by Night)
Next articleសម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ដែលចូលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក