ក្រសួងដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធ ផលិតកម្មស្បៀងសម្រាប់កងទ័ព

0

ជាមួយការងារអាទិភាពជាច្រើន ការងារអាទិភាពដែលក្រសួង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអនុវត្ត​ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការចុះបញ្ជី ដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ ការរៀបចំសម្ប​ទាន​ដី សង្គមកិច្ច ការរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋានជាដើម។ នេះជាការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចជំនួប ពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកាលពីពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការចុះ បញ្ជីដីធ្លីបង្ហើយនេះគឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការ​កាន់កាប់​ដីធ្លីស្រប ច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើន សេដ្ឋកិច្ចជាតិ។ រីឯការរៀបចំ​សម្បទាន​ដីសង្គមកិច្ចប្រៀបបីដូចជា ការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពី ភាព ក្រីក្រដូច្នោះដែរ។

សម្រាប់កងទ័ពវិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ថា ក្រសួង នឹងចុះបញ្ជីដីធ្លី ជូនកងទ័ពដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការបង្កើតប្រព័ន្ធផលិតកម្ម​ស្បៀង​សម្រាប់កងទ័ព ដោយបាន ស្នើសុំឱ្យអង្គភាពកងទ័ពបន្ថែមនូវការចិញ្ចឹមសត្វគោ ជ្រូក មាន់ ទា ត្រីនិងដាំបន្លែ ដំណាំសម្រាប់​ទុកជាស្បៀងអាហារផ្គត់ផ្គង់ដល់ កងទ័ពផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃអគ្គ បញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរ​គុណ​ដល់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានផ្ដល់យោបល់ ជួយជ្រោមជ្រែងដល់កងយោធ​ពលខេមរ​ភូមិន្ទ។ចំពោះគោល នយោបាយសម្បទានដីសង្គមកិច្ច ឯកឧត្តមមានបំណងចង់ ឱ្យ មានការផ្ដល់ដីដល់អតីត​យុទ្ធជន​និងគ្រួសារដែលក្រីក្រលំបាក ខ្វះខាត ពិតប្រាកដដើម្បីឱ្យពួកគាត់មានដីសម្រាប់រស់នៅនិងបង្កបង្កើនផលបង្កើនជីវភាពគ្រួសារ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន​បានថ្លែងអំណរគុណដល់រាជរដ្ឋា ភិបាលកម្ពុជាដែលបានពិចារណា​គិតគូរយកចិត្តទុក​ដាក់​ដល់សុខ ទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជានិងគ្រួសារក្រីក្រតាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ច៕