អាកាសយាន្តដ្ឋានអន្តរជាតិ កងកេង ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងគ្រោះអាសន្នក្នុង និងក្រៅអាកាសយានដ្ឋាន

0

ឯកឧត្តម សន សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS-EX24 នៅអាកាសយាន្តដ្ឋានអន្តរជាតិ កងកេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី១២ ខែមីនា ឆ្នាំ២០២៥ ។

តាមឯកឧត្តម រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា គោលបំណងនៃការធ្វើសមយុទ្ធនេះ អនុលោមទៅតាមគតិយុត្តិ ៤សំខាន់ក្នុងនោះគត្តិយុទ្ធអន្តរជាតិមានពីរ រួមមាន៖

១.អនុសញ្ញាស៊ីកាហ្គូឆ្នាំ១៩៤៤ ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ មានការទទួល ខុសត្រូវខ្ពស់ ធានាលើសុវត្ថិភាពក្នុងការងារគ្រប់គ្រងគ្រោះអាសន្នតាមស្តង់ដារតែមួយ និង២.ផ្អែកទៅលើឧបសម្ព័ន្ធទី១៤ នៃអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលមាន ១៩៣ប្រទេស បង្កើតផែនការគ្រប់គ្រងគ្រោះអាសន្ន។

ខណៈដែល កម្ពុជាបានចូលជាសមាជិកអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅឆ្នាំ១៩៥៦ និងអនុលោមទៅតាមគត្តិយុទ្ធទាំងពីរខាងលើ រដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល បានបង្កើតនូវបទដ្ឋានបច្ចេកទេសអាកាសចរណ៍ស៊ីវិលកម្ពុជា ដោយតម្រូវឱ្យប្រតិបត្តិករ រៀបចំផែនការគ្រប់គ្រងគ្រោះអាសន្ននេះ នៅតាមអាកាសយានដ្ឋានអន្តរជាតិនីមួយៗ តាមគោលការណ៍ណែនាំគត្តិយុទ្ធចំនួនពីរ រួមមាន៖

១.ដោយសារតែការធ្លាក់យន្តហោះមិនអាចកំណត់ទីតាំងបាន ពេលខ្លះមានបញ្ហាក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន ដើម្បីធានាបាននូវការគ្រប់គ្រងគ្រោះអាសន្ន រាជរដ្ឋាភិបាលបាន ចេញចរាចរណ៍ណែនាំលេខ ០៣សរណន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ ស្តីពីការគ្រង់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែអាកាសយានដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្តបង្កើតយន្តការគ្រប់គ្រង់

និង២. ត្រូវគ្រប់គ្រងដឹកនាំធ្វើលំហាត់សមយុទ្ធ ហើយសមាសភាព ដែលត្រូវចូលរួមមានដូចជា អភិបាលរាជធានី ខេត្ត ប្រធាននាយកអាកាសយានដ្ឋាន អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិក។

ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងទៅនឹងការរៀបចំនៃកម្រិតសមយុទ្ធនេះ មាន៣កម្រិត៖ ទី១.សមយុទ្ធទ្រង់ទ្រាយតូចធ្វើលើតុ អនុវត្តនូវរាល់៦ខែម្តង, ២.ទ្រង់ទ្រាយមធ្យម អនុវត្ត ១ឆ្នាំម្តង និងទី៣.ទ្រង់ទ្រាយធំអនុវត្ត ២ឆ្នាំម្តង។ ប្រធានបទធ្វើលំហាត់សមយុទ្ធត្រូវចែកជាពីរ៖ ១.គ្រោះថ្នាក់ទាក់ទងនឹងយន្តហោះផ្ទាល់ និង២.ទាក់ទងនឹងសំណង់នៅក្នុងអាកាសយានដ្ឋាន មានដូចជា ការធ្លាក់ក្នុងអាកាសយានដ្ឋាន និងក្រៅអាកាសយានដ្ឋាន យន្តហោះមានគ្រោះអាសន្នក្នុងពេលហោះហើរ ពេលដឹកទំនិញ ឬត្រូវគំរាមកំហែងដោយគ្រាប់បែក និងអំពើភេរវកម្ម ។ល។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសរំលេចថា គោលបំណង នៃការធ្វើលំហាត់សមយុទ្ធ គឺជាការសាកល្បងទៅលើប្រសិទ្ធិភាពការចាត់តាំងផែនការគ្រោះអាសន្ន ពិនិត្យមើលការអនុវត្តធ្វើសមយុទ្ធតាមផែនការគ្រប់គ្រងគ្រោះអាសន្ន ពិសេសសមត្ថភាពឆ្លើយតប ថាតើនៅពេលមានឧបទ្ទហេតុកើតឡើង ប្រតិបត្តិករក្នុងអាកាសយានដ្ឋានគាត់បញ្ចេញអ្វីខ្លះ ដោយប្រកាសអាសន្ន ប្រតិបត្តិករចេញប្រតិបត្តិការក្នុងពេលតែមួយ ពិនិត្យទៅលើនីតិវិធីនៃការឆ្លើយតបរបស់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលរាជធានី ខេត្ត ហើយលំហាត់សមយុទ្ធរបស់យើងនៅពេលនេះ មិនមានឧបសគ្គអ្វីទេ គឺគ្រប់គ្រងបានតាមផែនការដែលបានគ្រោងទុក ។

សូមជម្រាបថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានកម្លាំងចូលរួមសុរបចំនួន ២៩៣នាក់ ឡាន ពេទ្យចំនួន ៥គ្រឿង ឡានទឹក ៥គ្គ្រឿង មកពី ២៥ស្ថាប័ននៅជំវិញខេត្ត ៕