គម្រោងរ៉ូបូតសម្លាប់សត្វល្អិតប្រើប្រាស់បញ្ញាសិប្បនិម្មិតរបស់យុវជនកម្ពុជា ក្រុម SpecSpark ជាប់លេខ១ “Grand Prize Award” នៅប្រទេសម៉ាឡេស៊ី

0

ជាមោទកភាពជាតិ យុវជនកម្ពុជាមួយក្រុមចំនួន៣រូប ដែល​បានដាក់​ឈ្មោះ​ក្រុមថា SpecSpark បានរួមគ្នាបង្កើត​គម្រោង​រ៉ូបូតសម្លាប់សត្វ​ល្អិតប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឬ AI បានជាប់ចំណាត់​ថ្នាក់លេខ១ ពី “Grand Prize Award” ក្នុងការប្រកួតលំដាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិកលើផ្នែក innovation track AI នៅក្នុងកម្មវិធី Huawei ICT Competition APAC Regional Finals 2024-2025 ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេល​ថ្មីៗនេះ។

ក្រុមជ័យលាភីទាំង៣រូប សុទ្ធតែជាក្រុមនិស្សិតដេប៉ាតឺម៉ង់ទេព​កោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា រួមមាន កញ្ញា វង់ ពេជ្រចរណៃ, កញ្ញា ហេង កល្យាណ និងលោក ផល ចាន់ផាយុ។ យុវជនទាំង៣រូបនេះ បានផ្ដួចផ្ដើមគំនិតបង្កើតរ៉ូបូត​សម្លាប់​សត្វល្អិតប្រើប្រាស់ AI សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ ជាការកត់សម្គាល់ក្រុមនេះមាន យុវតី២រូប ខណៈយុវជន​មាន​តែម្នាក់ប៉ុណ្ណោះ ។

ជាមួយនឹងជោគជ័យចំណាត់ថ្នាក់លេខ១ ពី“Grand Prize Award”​កញ្ញា ហេង កល្យាណ និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់​ទេព​កោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជា​សមាជិកក្រុម SpecSpark បានប្រាប់​បណ្ដាញសារព័ត៌មានថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី នេះព្រោះពួកគេចង់សាកល្បង និងបង្ហាញសមត្ថភាព ក៏ដូចជាដើម្បី​ទទួលបានបទពិសោធន៍បន្ថែមនៅក្នុងការប្រកួតផ្នែកនេះ។

កញ្ញាបន្តថា រ៉ូបូត ដែល​ក្រុម​របស់ខ្លួនបាន​បង្កើត​ឡើងមានឈ្មោះថា Pestibot គឺជារ៉ូបូតធ្វើការនៅក្នុងវិស័យកសិកម្ម ដំណើរការ​ដោយ​ស្វ័យប្រវត្តិក្នុងការកំណត់មុខសញ្ញាសត្វល្អិត និងបាញ់ថ្នាំសម្លាប់​សត្វល្អិត។ កញ្ញាអធិប្បាយថា សម្រាប់​ផ្នែក AI គឺសត្វល្អិតម៉ូឌែល​នៃសត្វល្អិត (AI Model Insect) ដែលភ្ជាប់ទៅលើរ៉ូបូត។ក្រុមបាន​បង្វឹក AI ឱ្យស្គាល់ប្រភេទ​សត្វល្អិតចង្រៃរួច​ជាស្រេចក្នុងការបាញ់ថ្នាំ​សម្លាប់សត្វល្អិតទាំងនោះ។

ទាក់ទងនឹងជ័យលាភីរបស់ក្រុមរ៉ូបូត Pestibot ជាប់ចំណាត់​ថ្នាក់​លេខ១ ក្នុងតំបន់ កញ្ញា ហេង កល្យាណ បញ្ជាក់ថា គឺ​ដោយសារការ​យល់ដឹងទៅលើការជ្រើសយកឧបករណ៍បច្ចេកវិទ្យាមកប្រើប្រាស់ ជាពិសេស ឧបករណ៍ផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើតជា​គម្រោងនវានុវត្តន៍មួយ ដែលនាំមកនូវជាអត្ថប្រយោជន៍ជូនដល់សង្គម ដោយអាចចូលរួម​ដោះស្រាយ​បញ្ហាប្រឈមនៅក្នុងជីវភាពប្រចាំ​ថ្ងៃ​របស់ប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពធនធាន និងលើកកម្ពស់ផលិត​ភាព សំដៅទៅរកនិរន្តរភាពសម្រាប់សង្គម។

កញ្ញា កល្យាណបន្ថែមថា ការប្រកួតលំដាប់តំបន់អាស៊ីប៉ាស៊ីហ្វិក លើផ្នែក innovation track AI នៅក្នុងកម្មវិធី Huawei ICT Competition APAC Regional Finals 2024-2025 ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំណុច​សំខាន់​​មួយទៀត គឺក្រុមរបស់​គេក៏មានការយល់ដឹងច្បាស់ និងគិតគូរពីបញ្ហាដែលបានលើកឡើងក្នុង​គម្រោងឱ្យបានគ្រប់​ជ្រុង​ជ្រោយ ដើម្បីផ្តល់ជាដំណោះស្រាយមួយ​ដែល​មានប្រសិទ្ធភាព។ លើសពីនេះ ការមានជំនាញទន់ក្នុងការធ្វើបទ​បង្ហាញ​ពីគំនិតនវានុវត្តន៍ និងបង្ហាញបានយ៉ាងច្បាស់លាស់ពី​សក្តានុ​ពល​របស់វាក្នុងការជួយដោះស្រាយបញ្ហាសង្គម ក៏បានចូលរួម​ជាកត្តាសំខាន់មួយនៅក្នុងការប្រកួតនេះផងដែរ។

និស្សិតឆ្នាំទី៤ រូបនេះ បន្ថែមទៀតថា ការសហការពីសមាជិក​ក្រុម​ដែលមានភាពខ្លាំងផ្សេងៗគ្នា អាចជួយបំពេញបន្ថែម​ចំណុចខ្វះខាត​គ្នាបាន ព្រមទាំងមានសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់​ជាដំបូន្មានល្អៗ និងបានណែនាំពីចំណុចដែលគួរកែលំអផងដែរ។

មុននឹងទទួលជោគជ័យ ក្រុមយុវជនទៅពីប្រទេសកម្ពុជាក៏ជួបប្រទះ​នឹងបញ្ហាមួយចំនួនដែរ។ កញ្ញា ហេង កល្យាណ បានរៀបរាប់ថា នៅក្នុងការប្រកួតប្រជែងនេះ ក្រុមរបស់គេក៏បានជួបនូវបញ្ហាមួយ​ចំនួនដូចជា តម្រូវការក្នុងការ​ធ្វើការ​ស្រាវជ្រាវជាច្រើនអំពីបញ្ហា​ដែលសង្គមកំពុងជួបប្រទះ ដើម្បីបង្កើតជានវានុវត្តន៍មួយ ដែល​អាចក្លាយជាដំណោះស្រាយ​មួយយ៉ាង​មានប្រសិទ្ធភាព។ ចំពោះការ​បញ្ចូលគ្នារវាងគ្រឿងបង្គុំកុំព្យូទ័រ (Hardware) និងកម្មវិធីកម្មវិធី​កុំព្យូទ័រ (Software) ក៏ជាការប្រឈមរបស់ក្រុមដូចគ្នា ព្រោះពួកគេ​សុទ្ធតែមកពីជំនាញ IT ផ្ដោតតែនៅលើកម្មវិធីកម្មវិធីកុំព្យូទ័រ (Software)។ មួយវិញទៀត ពួកគេត្រូវធ្វើនវានុវត្តន៍នេះឱ្យលេច​ចេញជារូបរាង និងមានលទ្ធផលច្បាស់លាស់ ជាពិសេស​ទៅលើ​ទិន្នន័យផ្សេងៗ ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយសំណួរឱ្យបានល្អនៅក្នុង​វគ្គសំណួរចម្លើយ។

មហិច្ឆតាមិនបញ្ចប់ត្រឹមនេះទេ ។ ក្រុម SpecSpark នឹងត្រូវ​ទៅប្រកួតបន្តលំដាប់ថ្នាក់ពិភពលោកនៅប្រទេសចិន ដែលមាន​ប្រទេសជាច្រើនពីតំបន់ផ្សេងៗទៀតចូលរួម។ ក្រុម SpecSpark តំណាងឱ្យកម្ពុជា មានការប្តេជ្ញាចិត្តថា នឹងកែលម្អនូវចំណុចខ្វះខាត និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីទទួលបានជ័យជម្នះនៅក្នុងវគ្គផ្តាច់​ព្រ័ត្រ​​នាពេល​ខាងមុខ៕