ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះនៅសៀមរាបរៀបចំឡើងដើម្បីបង្កើតស្នាមញញឹម

0

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានប្រកាសនៅក្នងសន្និសីទសារព័ត៌មានថា យុវជននៅក្នុងសហភាពសហព័ន្ធយុវជន កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ចូលឆ្នាំខ្មែរឬ សង្ក្រាន្តឆ្នាំ២០២៥នៅសៀមរាប ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ សង្ក្រាន្តឆ្នាំថ្មីនេះ នឹងរៀបចំឡើងរហូតទៅដល់ចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ។

អ្នករៀបចំបានអះអាងថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺរិតតែមានលក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកនូវ ទស្សនីយភាពប្លែកភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បីផ្តល់ស្នាមញញឹមដល់មហាគ្រួសារខ្មែរទាំងមូល។

យោងតាមការរៀបចំកម្មវិធីកម្សាន្តសប្បាយ គេមានការចាប់អារម្មណ៍ចំពោះកម្មវិធី សម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ ដែលនឹងធ្វើអោយអ្នកទស្សនាលេចចេញនូវស្នាមញញឹម សមដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ត្រូវបានគេប្រសិទ្ធនាមថា «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ក្រៅពីនេះកម្មវិធីកម្សាន្តសប្បាយ មានជាច្រើនទៀត មានដូចជា កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

យ៉ាងណាក៏ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា នៅមិនទាន់បង្ហាញអំពីគម្រោង បញ្ចេញស្នាដៃអស្ចារ្យរបស់ខ្លួននៅឡើងទេ ខណ:នៅក្នុង ព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក មានវត្ថុយក្សកម្រិតជាតិ និង ពិភពលោក ប្លែកៗចំនួន ១០ ប្រភេទ រួមមាន ៖ នំអន្សមយក្ស រាំម៉ាឌីហ្សុនយក្ស មួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស ទាញព្រ័ត្រយក្ស អង្រុតយក្ស កន្ត្រងប្រហុកយក្ស អុកចត្រង្គយក្ស សំបុកពងមាន់យក្ស និង ចាប៉ីដងវែង ខ្នាតយក្ស ។

សូមរំលឹកថា ការរាំចង្វាក់ម៉ាឌីហ្សុនដ៏ធំបំផុត ដែលមានអ្នកចូលរួមចំនួន ២.០១៥នាក់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៥ បានធ្វើអោយកម្ពុជា បំបែកឯតទគ្គកម្មពិភពលោក ហើយក្លាយជាម្ចាស់កំណត់ត្រាហ្គីណេស លំដាប់ពិភពលោកមួយនេះ។ ទន្ទឹមនេះការផលិតចាប៉ីដងវែងខ្នាតយក្ស ក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តកាលពី ឆ្នាំ២០១៧ បានទទួលវិញ្ញាបនបត្រ ពីអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌរូបិយ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥នេះ រៀបចំឡើងមានគោលបំណងលើកកម្ពស់វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។

ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមកបានបង្កើតឱកាសអោយបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏សម្បូបែប។ លើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យមានមោទនភាពក្នុងការថែរក្សានិងលើកស្ទួយ វប្បធម៌ អរិយធម៌ប្រពៃណីខ្មែរដែលធ្លាប់បានប្រតិបត្តិពីជំនាន់មួយទៅជំនាន់មួយ។ ទន្ទឹមនេះអង្គរសង្ក្រាន្តនេះ គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកទស្សនាខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា «ព្រះរាជាណាចក្រអច្ឆរិយៈ»។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៧ ទទួលបាន ភ្ញៀវទេសចរ ចំនួន ជាង១លាន៦សែន៣ម៉ឺននាក់ ពោលគឺ បាន កើនឡើង២២,៧៣ភាគរយ បើប្រៀបធៀបកាលពីព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំមុន ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០២៣ ទទួលបានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ បាននាំគ្នាដើរ កម្សាន្ត ចំនួនជាង២លាន១សែននាក់។

ម៉្យាងទៀតការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានផ្តល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសជាងនេះទៀតបានឆ្លុះបង្ហាញ ពីសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំឡើងដំបូងដោយ យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជាតាំងពីឆ្នាំ២០១៣មកដែលបានជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងពង្រីកសក្តានុពលទីផ្សារទេសចរណ៍ខ្មែរទៅកាន់ពិភពលោក៕