ស្រុកសំឡូតមានសក្កានុពលផ្នែកកសិ -ទេសចរណ៍ដ៏ទាក់ទាញច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្ត

0

ស្រុកសំឡូតជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង១៤នៃខេត្តបាត់ដំបង មានចំងាយប្រមាណ៨២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង និងមានព្រំប្រទល់ជាប់ នឹងស្រុកបរ៉ៃ ខេត្តត្រាតប្រទេសថៃ មានប្រជាពលរដ្ឋប្រមាណជាង៧៧ភាគរយប្រកបរបរកសិកម្ម ។

លោក សើ សាម៉េត អភិបាលស្រុកសំឡូតមានប្រសាសន៍ឱ្យដឹងថាស្រុកសំឡូតក្រៅពីមានសក្កានុពលផ្នែកកសិកម្ម ដូចជាដំណាំពោត ដំឡូងមី ដំណាំទុរ៉េន តាង៉ែន ស្វាយជាដើម ស្រុកនេះក៏មានសក្តានុពលផ្នែកវិស័យទេសចរណ៍ធម្មជាតិ និងកែច្នៃសម្បូរបែបផងដែរ ដែលបានកំពុងស្រូបទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តកាន់តែច្រើនឡើង។ លោកសើ សាម៉េត បញ្ជាក់បន្ថែមថា៖« ស្រុកសំឡូតវិស័យទេសចរណ៍កំពុងមានការទាក់ទាញខ្លាំងក្នុងនោះមាន ទឹកធ្លាក់ចំការស្វាយ រមនីយដ្ឋានចំការទុរ៉េន ទឹកធ្លាក់អូរជាំ ទឹកធ្លាក់អេនជូលីណា ទឹកធ្លាក់ចម្លងកួយ និងមានរីសត ចំនួនបីធំៗផ្តល់ទីតាំងឱ្យភ្ញៀវស្នាក់នៅលំហែរកំសាន្តដែលកំពុងទាក់ទាញខ្លាំង» ។ ក្រៅពីតំបន់ទេសចរណ៍ខាងលើនេះ ចំការទុរេនប្រមាណជាង១ពាន់ហិកតា ក៏ជាមុខព្រួញទេសចរណ៍មកលេងកំសាន្ត និងមានឱកាសទិញផ្លែទុរេនលើដើមផ្ទាល់ទទួលទានភ្លាមៗ និងផ្ញើបងប្អូនមិត្តិភ័ក្រ្តជាដើម ។

លោកបន្ថែមថាអាជ្ញាធរបានរក្សាសន្តិសុខបានល្អ ទោះថ្ងៃសៅរ៍ អាទិត្យក៏ដោយ ហើយពិសេសនោះគឺអាជ្ញាធរបានណែនាំ មិនឱ្យអាជីវករឡើងថ្លៃសេវាផ្សេងៗដូចជាម្ហូបអាហារនោះឡើយ។ លោកអភិបាលស្រុកសំឡូតបន្តឱ្យដឹងថា ៖« ភ្ញៀវទេសចរណ៍មានក្នុងស្រុក និងមកពីខេត្តផ្សេងៗដែលគាត់ដឹងពីភាពល្បីល្បាញរបស់ស្រុកសំឡូត មកលេងទឹកកំសាន្ត ផ្លែទុរេនល្បីរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងមានរីសតស្អាតៗស្នាក់នៅលំហែអារម្មណ៍ជាដើម»។

សូមបញ្ជាក់ថាស្រុកសំឡូត មានផ្ទៃដីសរុបចំនួន ជាង១ពាន់៧០០គីឡូម៉ែត្រការ៉េ ចែកចេញជា០៧ ឃុំ និងភូមិចំនួន ៥៩ ភូមិ ប្រជាជនរស់នៅ ជាង១ម៉ឺន២ពាន់៧រយគ្រួសារ មនុស្សរាយជាង៥ម៉ឺនបីពាន់៥រយនាក់ ក្នុងនោះស្រីជាង២ម៉ឺន៧ពាន់៤រយនាក់ , ពលរដ្ឋអាយុ១៨ ឆ្នាំឡើងចំនួន ជាង២ម៉ឺន៦ពាន់៨រយនាក់ ។ ប្រជាពលរដ្ឋតំបន់នេះមានមុខរបរសំខាន់គឺ កសិកម្មមានប្រមាណ ៧៧.៥ % ក្រៅពីនោះ ជាអាជីវករលក់ដូរ និងជំនួញ មន្រ្តីរាជការ និង និងការងារបន្ទាប់បន្សំផ្សេងៗទៀត៕