ឯកឧត្តម ហែម វណ្ណឌី៖ ការអភិវឌ្ឍជំនាញ និងការវិនិយោគលើបច្ចេកវិទ្យា ជាគន្លឹះក្នុងការប្រើប្រាស់សក្តានុពលមូលធនមនុស្សរបស់កម្ពុជា

0

នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ដោយបានលើកឡើងពីភាពចាំបាច់នៃការវិនិយោគលើជំនាញ និងបច្ចេកវិទ្យា ដើម្បីប្រើប្រាស់សក្តានុពលមូលធនមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ “មូលធនមនុស្ស៖ គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ពីតួនាទីនៃបច្ចេកវិទ្យា ដូចជាបញ្ញាសប្បនិម្មិត (AI) ការធ្វើស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម បច្ចេកវិទ្យារ៉ូបូត និងការអប់រំ STEM ក្នុងការរៀបចំកម្លាំងពលកម្មរបស់កម្ពុជាសម្រាប់ឧស្សាហកម្មថ្មីៗ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា “កម្ពុជាមានប្រជាជនវ័យក្មេង ស្វាហាប់ និងចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា។ ភាគលាភប្រជាសាស្រ្តនេះគឺជាធនធានសំខាន់របស់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែធនធាននេះមិននៅស្ថិតស្ថេររហូតទេ។ នេះជាពេលវេលាដ៏ល្អប្រសើរសម្រាប់យើង ក្នុងការប្រើប្រាស់ភាគលាភប្រជាសាស្រ្តឱ្យបានជាអតិបរមា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។”

កិច្ចពិភាក្សាដែលមានវាគ្មិនសំខាន់ៗ រួមទាំង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងវិស័យឯកជន និងការិយាល័យពាណិជ្ជកម្មនៃតំបន់អាស៊ាន បានពិភាក្សាពីភាពចាំបាច់នៃការកាត់បន្ថយភាពមិនស៊ីគ្នានៃជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ (Skill Mismatch) និងការបន្ស៊ីការអប់រំបណ្តុះបណ្តាលជាមួយនឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតភាព ការកែលម្អគោលនយោបាយដើម្បីគាំទ្របរិវត្តកម្មបច្ចេកវិទ្យា និងពង្រឹងការទទួលស្គាល់គ្នាទៅវិញទៅមកនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនការចល័តកម្លាំងពលកម្មនៅក្នុងតំបន់។

សម្រាប់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង ២០៥០ ឯកឧត្តមបានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស និងបច្ចេកវិទ្យា នឹងជាស្នូលនៃអនាគតសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបានបន្ថែមថា៖ “បច្ចេកវិទ្យាអាចជំនួសការងារមួយចំនួនរបស់មនុស្ស តែយើងមិនគួរខ្លាចវាទេ។ យើងត្រូវវិនិយោគលើបច្ចេកវិទ្យា, វិនិយោគលើមូលធនមនុស្សដើម្បីប្រើប្រាស់បច្ចេកវិទ្យា, និងធ្វើបច្ចុប្បន្ន ភាពកម្មវិធីសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។”៕