ក្រសួងឧស្សាហកម្ម និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង ពិភាក្សាកិច្ចសហការផ្នែកបច្ចេកវិទ្យា ដើម្បីជំរុញឧស្សាហកម្មកម្ពុជា

0

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង (HKTDC) ដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីតួនាទីរបស់ក្រសួងក្នុងការជំរុញនវានុវត្តន៍ និងការគាំទ្រឱ្យធុរកិច្ចទទួលជោគជ័យ។ ឯកឧត្តមបានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេចជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក។

លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់ HKTDC បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននេះ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។

លោកបានបន្ថែមថា បណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ HKTDC អាចជួយឱ្យផលិតផលកម្ពុជាឈានជើងចូលក្នុងផ្សារពិភពលោកបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ HKTDC ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាដល់វិស័យសំខាន់ៗរបស់កម្ពុជាដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញដែលកម្ពុជាមាន៕