មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ លើក​ទឹកចិត្ត​ និង​ប្រគល់​ភារកិច្ច​ជូន​កម្លាំង​ទីបញ្ជាការស្រាល​ បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​មាន​រឹទ្ឋ​ ស្រុក​សណ្តាន់​

0

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅលើកទឹកចិត្ត​  ​ប្រគល់ភារកិច្ច​ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ  ជូន​ដល់​កងម្លាំង​ចម្រុះ​ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ​នៅតំបន់ព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនៃបញ្ជា​ការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និង​កម្លាំង​ស្ថាប័ន​បរិស្ថាន​ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុង​តំបន់​ព្រៃ​ឡង់ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ហើយបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការល្បាតធ្វើសកម្មភាព​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបាន​បញ្ជាក់ថា​ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំអអស់ ដែលបានសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ គួរជាទីមោទនៈ  ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់យោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសធនធានធម្មជាតិ  ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតមានឡើងជាថ្មីទៀតបានឡើយ។ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាដាច់ខាត។  ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះ ត្រូវទទួលវិន័យតាមច្បាប់ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងសាំងចំនួន១៥០លីត្រ អង្ករចំនួន១២៥គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ មីចំនួន៥កេស និងត្រីខកំប៉៉ុងចំនួន៥យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ ប្រគល់ជូនកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់ព្រៃឡង់ ឃុំមានរិទ្ធ ស្រុកសណ្តាន់ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប៕