អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប អភិវឌ្ឍវិស័យកសិកម្មកម្ពុជា នាពេលអនាគត

0

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ប្រសាសន៍នេះត្រូវបានឯកឧត្តម នួន ផារ័ត្ន លើកឡើងនៅក្នុង ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយគុណភាព៕