ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនាពេលកន្លងមក ជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ទំនាក់ទំនងរវាងកងទ័ពទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ហើយឥណ្ឌូនេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរចំពោះឯកឧត្តម Sjafrie Sjamsoeddin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម និងការចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលកន្លងមកឥណ្ឌូនេស៊ីបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា កងទ័ពពិសេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ និងបានស្នើសុំឥណ្ឌូនេស៊ីឱ្យបន្តជួយហ្វឹកហ្វឺនដល់កងទ័ពពិសេសកម្ពុជា ដើម្បីបង្កើនធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ អោយបានកាន់តែរឹងមាំ។
តាមរយៈសំណូមពររបស់ឯកឧត្តម ទៀ សីហា ឯកឧត្តម រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បញ្ជាក់ថា ដោយមើលឃើញថាកងទ័ពពិសេសកម្ពុជា បានដើរតួនាទីសំខាន់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ឥណ្ឌូនេស៊ីនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា៕