សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចាត់ទុកថា ចលនាភូមិ១ផលិតផល១ នៅតែមានតួនាទីសំខាន់និងកាន់តែមានលក្ខណៈសមស្រប ក្នុង របៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរយៈ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា ទស្សនាទានភូមិមួយផលិតផលមួយ បានកើតមានក្នុងសង្គមខ្មែរ តាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែង ភូមិ ឃុំមួយចំនួនបានដាក់ឈ្មោះទៅតាមឈ្មោះ ផលិតផលសក្តានុពលក្នុងតំបន់ ដូចជា ឃុំឈើទាល សង្កាត់ដើមមៀន ស្រុកក្រូចឆ្មារ ជាដើម គ្រាន់តែយើងនៅមិនទាន់បានពង្រីកសកម្មភាពនោះឱ្យមានលក្ខណៈទូលំទូលាយ នៅឡើយ។ ឈរលើស្មារតីអភិវឌ្ឍន៍ទស្សនាទាននេះឱ្យបានទូលំទូលាយ រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតឱ្យអនុវត្តនយោបាយជំរុញចលនាភូមិមួយផលិតផល មួយជាផ្លូវការ សំដៅជួយលើកកម្ពស់ លក្ខខណ្ឌរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និង ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងនិងមានភាពធន់តាមរយៈការបន្សាំគ្នារវាងវប្បធម៌ប្រពៃណីខ្មែរជាមួយនឹងបទពិសោធចលនាភូមិមួយផលិតផលមួយ ដែលមានដើមកំណើត នៅខេត្ត អយតា ប្រទេសជប៉ុន និងដែលត្រូវបានគេទទួលស្គាល់ថា ជាប្រព័ន្ធដំណោះស្រាយ អភិវឌ្ឍន៍ សេដ្ឋកិច្ចជនបទបែបចម្រុះដ៏មានប្រសិទ្ធភាពនោះ ឱ្យមានភាពសមស្របទៅនឹងលក្ខណៈសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងអាចអនុវត្តបាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្ត្រជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ (២០១៩-២០២៣)កន្លងមក យើងបាន ឃើញអំពីតួនាទីដ៏មានសារៈសំខាន់នៃចលនាភូមិមួយផលិតផលមួយ ដែលបានរួមចំណែក យ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទ មានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុកនិងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ចលនាភូមិមួយផលិតផលមួយ ត្រូវតែដើរតួនាទីឱ្យកាន់តែសកម្ម ថែមទៀត តាមរយៈការកៀរគរប្រជាជនឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និង ប្រកបដោយនិរន្តរភាពនូវធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវ ផលិតផល សម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស៕