ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំបានណែនាំដល់មន្ត្រីភូមិបាលក្រុង/ស្រុកទាំង៧ ត្រូវចុះត្រួតពិនិត្យការសាង់សង់សំណង់នានា នៅតាមបណ្តាក្រុង/ស្រុក ដែលប្រជាពលរដ្ឋពុំបានស្នើសុំច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ច និងត្រូវចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត ឱ្យមកសុំច្បាប់អនុញ្ញាតសាងសងសំណង់គ្រប់ប្រភេទ ទៅតាមកម្រិតទំហំ នៃការសាងសង់ ព្រោះសំណង់ខ្លះមានទំហំធំ មិនមែនជាសំណង់ជាលក្ខណៈគ្រួសារតូចតាចនោះទេ វាអាចនឹងបង្កជាបញ្ហាស្មុគស្មាញនៅពេលអនាគត ដោយសារមានសំណង់ខ្លះប៉ះពាល់ចំណីផ្លូវសាធារណៈរបស់រដ្ឋ និងប៉ះពាល់ដល់ដី និងសំណង់របស់អ្នកដទៃ ។
ដូចនេះ ត្រូវឱ្យពួកគាត់មកស្នើសុំច្បាប់ឱ្យបានគ្រប់គ្នា ចៀសវាងមានហានិភ័យជាយថាហេតុ ហើយគ្មានអ្នកទទួលខុសត្រូវ។
ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារគណៈកម្មការខេត្ត ដើម្បីចុះពិនិត្យការអភិវឌ្ឍអចលនវត្ថុបំបែកក្បាលដី បង្រួមក្បាលដី ការចាក់បំពេញអាចម៍ដី និងការដ្ឋានសាងសង់សំណង់គ្រប់ប្រភេទទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំងនាព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក ប្រធានភូមិបាលស្រុក/ក្រុងទាំង៧ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម បានបង្ហាញមុខព្រួញត្រូវបង្កើនការគ្រប់គ្រងលើអាជីវកម្មពុះដីឡូត៍លក់ដែលពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទន្ទឹមនេះឯកឧត្តមក៏បានណែនាំអោយមន្ត្រីនៃភូមិបាលស្រុក/ក្រុង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចំពោះគម្រោងអចលនវត្ថុ ដីឡូត៍ណាដែលគ្មានប្លង់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺមិនត្រូវអោយមានការលក់ដូរបន្តទៀតជាដាច់ខាត និងត្រូវណែនាំនីតិវិច្បាប់ជូនពួកគាត់។
ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវណែនាំដល់ម្ចាស់អាជីវកម្មប្រកបរបរចាក់បំពេញអាចម៍ដី ឬកាយអាចម៍ដីផ្សេងៗនៅទូទាំងខេត្ត ដែលពុំទាន់បានស្នើសុំច្បាប់អនុញ្ញាត ត្រូវស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវពីការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុង/ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត តាមប្រភេទទំហំនៃការប្រកបរបរ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះ ក៏បានផ្សព្វផ្សាយពីសេចក្តីសម្រេចលេខ១១៩/២៤សសរ.តឃ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងារគណៈកម្មការខេត្ត ដើម្បីចុះត្រួតពិនិត្យការអភិវឌ្ឍអចលនវត្ថុ (បំបែកក្បាលដី បង្រួមក្បាលដី ការចាក់បំពេញអាចម៍ដី និងការដ្ឋានសាងសង់សំណង់គ្រប់ប្រភេទ) នៅទូទាំងខេត្តត្បូងឃ្មុំ៕