ក្នុងឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រកចំណូលបានចំនួនជាង ៣៨០លានដុល្លារសហរដ្ឋអាមេរិក

0

ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួនជាង ១,៥២១ ប៊ីលានរៀល ឬប្រមាណជាង ៣៨០លានដុល្លារសហរដ្ឋអាមេរិក ។

ថ្លែងប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជា លោក នង សុខុម ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួន ១,៥២១.៧៦ ប៊ីលានរៀល ឬប្រមាណ ៣៨០.៤៤ លានដុល្លារសហរដ្ឋអាមេរិក ពោលស្មើនឹង ១០០.១៨ភាគរយ នៃផែនការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកប្រធានសាខាបន្តថា ការប្រមូលនេះ បើប្រៀធៀបនឹងឆ្នាំ២០២៣ មានចំនួន (១,៦១៥.៤១ ប៊ីលានរៀល ឬប្រមាណ ៤០៣.៨៥លានដុល្លារសហរដ្ឋអាមេរិក) ទាបជាង ចំនួន ៩៣.៦៥ ប៊ីលានរៀល ឬថយចុះ ៦.១៥%។ លោកប្រធានសាខាបានបន្ថែមទៀតថា បើទោះបីជាតួលេខធ្លាក់ចុះបន្តិចជាងឆ្នាំកន្លងទៅ ប៉ុន្តែសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលលើសផែនការ កំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកប្រធានសាខាបានបញ្ជាក់ថា ការងារគយមិនមែនមានតែការប្រមូលចំណូលតែមួយមុខទេ។

អង្គភាពត្រូវប្រមូលចំណូលផង សម្រួលពាណិជ្ជកម្មផង និងទប់ស្កាត់នូវបទល្មើសផ្សេងៗ ជាពិសេស ទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលជាប្រភេទទំនិញប៉ះពាល់ដល់សុខុមាលភាព ប្រជាជន សង្គម និងបរិស្ថាន។ ទន្ទឹមនឹងការប្រមូលចំណូលនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ព្រោះថាជាប្រចាំថ្ងៃ នៅសាខាមានការបំពេញបែបបទបញ្ចេញទំនិញពីគយក្នុងចំនួនច្រើន ដូចនេះសាខាត្រូវទប់ស្កាត់នូវបទល្មើសឱ្យបានជាអតិបរមា ជាមួយគ្នានេះដែរ សាខាក៏ត្រូវមានកិច្ចសម្រួលពាណិជ្ជកម្ម និងត្រូវបញ្ចេញទំនិញជូនធុរជនឱ្យបានលឿន និងឆាប់រហ័សផងដែរ។

លោកប្រធានបានលើកឡើងយ៉ាងដូច្នេះថា «អង្គភាពគយមិនអាចត្រួតពិនិត្យគ្រប់កុងតឺន័រទាំងអស់បាននោះទេ ព្រោះវាអាចបណ្តាល ឱ្យមានការកក់ស្ទះទំនិញនៅក្នុងកំពង់ផែ។ សាខាបានត្រួតពិនិត្យកុងតឺន័រដោយចុះៗ ដោយប្រើប្រាស់នូវយន្តការគ្រប់គ្រងហានិភ័យ តាមប្រព័ន្ធស្វយ័តប្រវត្តិកម្ម និងយន្តការគយផ្សេងទៀត ដើម្បីចង្អុលបង្ហាញនូវកុងតឺន័រដែលមានហានិភ័យសម្រាប់ធ្វើត្រួតពិនិត្យ។»

លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សាខាគយនិងរដ្ឋាករក្រុងព្រះសីហនុ បាននិងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួន ដើម្បីប្រមូលចំណូលពន្ធនិងអាករឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា គ្រប់គ្រង ត្រួតពិនិត្យ ជំរុញការធ្វើទំនើបកម្ម និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ-នាំចូល គ្រប់ប្រភេទដែលស្ថិតនៅក្នុងសន្និធិគយបណ្តោះអាសន្ន នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ អនុវត្តគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ អនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសាខា។ ចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់អង្គភាព។ គ្រប់គ្រង និងធ្វើបែបបទនាវាចេញ-ចូលផ្សេងៗតាមមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕