សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជាចំនួនជិត១ម៉ឺននាក់ ត្រូវបានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ពោរពេញទៅដោយការលះបង់ ទាំងពេលវេលានិងអាយុជីវិត ក្នុងបុព្វហេតុ ថែរក្សាសន្តិភាពរបស់សហប្រជាជាតិក្នុងបណ្តាប្រទេសដែលរងគ្រោះ និងមានបញ្ហាអស្ថិរភាព។
ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីកម្ពុជាជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមិននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រយៈពេលជាង១៨ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន៩ ៨២៤នាក់ ក្នុងនោះ នារី៨៥៧នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុសន្តិភាពនេះហើយ ទាហាន មួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែល បានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (ហៅកាត់ អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលមាន៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបានធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានសមាសភាពចូលរួមសរុបចំនួន៩៨៣នាក់ ពីជាង១០០ប្រទេស និងស្ថាប័នជាតិ អន្តរជាតិជាច្រើនទៀតផងដែរ៕