Home សង្គម អាជ្ញាធរ និងជំនាញពាក់ព័ន្ធខេត្តកំពត កំពុងខិតខំអភិវឌ្ឍសហគមន៍កំពង់សាមគ្គី ឱ្យមានភាពទាក់ទាញកាន់តែខ្លាំង

អាជ្ញាធរ និងជំនាញពាក់ព័ន្ធខេត្តកំពត កំពុងខិតខំអភិវឌ្ឍសហគមន៍កំពង់សាមគ្គី ឱ្យមានភាពទាក់ទាញកាន់តែខ្លាំង

0

សហគមន៍នេសាទកំពង់សាមគ្គីជាសហគមន៍ធំជាងគេមួយនៅខេត្តកំពត ដែលសំបូរដោយធនធានសមុទ្រ។ កំពង់សាមគ្គីត្រូវបានរៀបចំជាតំបន់អេកូទេសចរណ៍ក្រោយគេក៏ពិតមែន ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងមកលេងកម្សាន្តពីភ្ញៀវច្រើនឡើងៗ។ ដើម្បីបំពេញតម្រូវការភ្ញៀវ ប្រធានសហគមន៍ អាជ្ញាធរស្រុក មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូ បាន និងកំពុងខិតខំអភិវឌ្ឍសហគមន៍បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវឱ្យបានកាន់តែច្រើន។

លោក សុខ កៅ ប្រធានសហគមន៍នេសាទកំពង់សាមគ្គី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ថា ទោះបីជាសហគមន៍រៀបចំជាតំបន់អេកូទេសចរណ៍ធម្មជាតិ ក្រោយគេ ហើយមិនទាន់រួចរាល់១០០%ក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រ និងមកលេងកម្សាន្តរបស់ភ្ញៀវ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះសហគមន៍មានទេសភាពស្អាត ខ្យល់អាកាសបរិសុទ្ធ និងសកម្មភាពកម្សាន្តច្រើន។

លោក ម៉ាត់ ត្រហេត អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការ អេដ អេ អាកស្យុងប្រចាំតំបន់ឆ្នេរ បានបញ្ជាក់ដែរថា ដើម្បីជំរុញវិស័យទេសចរណ៍របស់សហគមន៍ អង្គការលោកបាននឹងកំពុងខិតខំជួយ អភិវឌ្ឍន៍លើហេដ្ឋរចនាសម្ព័ន្ធ និងជួយពង្រីកសេវាកម្មមួយចំនួន។

ភ្ញៀវទេសចរមកពីគ្រប់បណ្តាខេត្ត ពិសេសអ្នកមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា សហគមន៍កំពង់សាមគ្កីពិតជាទីដែលភ្ញៀវចង់មកដើរលេងកម្សាន្ត និងស្នាក់នៅខ្លាំងណាស់ ព្រោះនៅតំបន់នេះមានទេសភាពល្អត្រកាល និងមានខ្យល់អាកាសយ៉ាងត្រជាក់ បែបធម្មជាតិ ។

លោក អំ តារា សមាជិកប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ បានបញ្ជាក់នៅព្រឹកថ្ងៃដដែលថា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ អង្គការដៃគូកំពុងរួមដៃគ្នា ធ្វើយ៉ាងណាប្រែក្លាយសហគមន៍នេះ ឱ្យទៅជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ និងជាគោលដៅទេសចរណ៍សំខាន់របស់ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ថា សហគមន៍កំពង់សាមគ្គីមានទីតាំងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ២០០៦ បច្ចុប្បន្នសហគមន៍មានសមាជិក៤០៣គ្រួសារ មានផ្ទៃដី៥៧៧ហិកតា ចែកជា៤តំបន់ មាន៖ តំបន់នេសាទទឹករាក់សម្រាប់ការនេសាទលក្ខណៈគ្រួសារ មានវាលខ្សាច់ និងវាលភក់ ៤៦,៤៥ហិកតា ព្រៃកោងកាង៧២ហិកតា និងស្មៅសមុទ្រ៥០ហិកតា៕

Previous articleក្រសួងពាណិជ្ជកម្ម បង្ហាញពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ
Next articleឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន ​សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់​ឃ្លាំង៩៩៩ នៅស្រុកចំការលើ