ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថារោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ គឺស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានចុះពិនិត្យជាមួយក្រុមការងារ បានឱ្យដឹងថា នៅក្រៅទីតាំងរោងចក្រ ក្រុមការងារបានពិនិត្យឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ៣០០ម) បន្ទាប់មក ក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។
តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹង ដូចគ្នាថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រស្វាយចូលស្ទឹង បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខក្រុមការងារ បានចាត់វិធានការអនុវត្តចំពោះរោងចក្រ ដូចតទៅ៖
– ត្រូវពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ ទៅតាមច្បាប់ជាធរមាន
– ត្រូវផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែក ដែលរងការប៉ះពាល់ (អនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ)
– តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រ
– តម្រូវឱ្យរោងចក្ររៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម
– តម្រូវរោងចក្រ ធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឱ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសំណល់រាវក្រោយការសម្អាតរួច និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។
សូមបញ្ជាក់ថា យោងលើភស្តុតាង និងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញ សំណល់រាវរបស់ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦ ២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕