កសិករស្រុកទឺកឈូចែករំលែកបទពិសោធន៍ចិញ្ចឹមទាឱ្យមានស៊ុតធំល្អ និងមានគុណភាពខ្ពស់

0

កសិករចិញ្ចឹមសត្វទាយកស៊ុតលក់នៅស្រុកទឹកឈូម្នាក់បានបញ្ជាក់ថា របរចិញ្ចឹមទាយកស៊ុតលក់ធ្វើឱ្យគាត់រីករាយយ៉ាងខ្លាំង ដោយសារការចិញ្ចឹមទទួលបានលទ្ធផលល្អ សត្វទាគ្មានជំងឺ ឬងាប់ ការប្រមូលស៊ុតបានច្រើន ស៊ុតធំ និងមានគុណភាព ហើយទីផ្សារល្អ ពិសេសមេទាអាចផ្តល់ស៊ុតរយៈពេលយូរជាង២ឆ្នាំ។ ខណៈដែលមន្ត្រីបច្ចេកទេសកសិកម្មថាការចិញ្ចឹមទារបស់កសិកររូបនោះ សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់។

លោក សួន គៀត កសិករចិញ្ចឹមសត្វទាយកស៊ុតលក់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា គាត់បានចិញ្ចឹមសត្វទាចំនួន៥ពាន់ក្បាល ហើយក្នុងមួយថ្ងៃ ជាមធ្យមប្រមូលស៊ុតបានរង្វង់៣ពាន់គ្រាប់ សម្រាប់លក់ឱ្យម៉ូយនៅក្នុងឃុំ ផ្សារកំពត កំពង់ត្រាច និងខេត្តព្រះសីហនុ។ រយៈពេល៥ឆ្នាំមកនេះ លោកមានបទពិសោធន៍ និងមានភាពជឿជាក់លើការចិញ្ចឹមទាឱ្យមានសុខភាពល្អ និងផលិតស៊ុតបានច្រើន និងយូរ លើសពី២ឆ្នាំ។ ជាក់ស្តែងទារបស់លោកបាន និងកំពុងផ្តល់ស៊ុតជាង៣ឆ្នាំហើយ ដែលធ្វើឱ្យគាត់ទទួលបានចំណូល៣០ម៉ឺនរៀលក្នុងមួយថ្ងៃ (ផាត់ការចំណាយផ្សេងៗរួច)។

កសិកររូបនោះបានបញ្ជាក់ថា កត្តាដែលធ្វើឱ្យការចិញ្ចឹមទារបស់គាត់ទទួលបានជោគជ័យ និងធានាថាគ្មានជំងឺ ឬងាប់ មានដូចជា៖ របបអាហារ (ការផ្តល់ចំណី និងអាហារធម្មជាតិ) អនាម័យក្នុង និងក្រៅទ្រង់ ទឹកស្អាត (ទឹកផឹក និងទឹកទាលេង) បរិយាកាសល្អ។

ជាមួយគ្នានេះដែរ លោក ម៉ី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មឃុំ បានលើកឡើងថា លោកសប្បាយចិត្តដែលឃើញកសិករចិញ្ចឹមសត្វបានល្អលើកពីការរំពឹងទុក។ ការចិញ្ចឹមទារបស់កសិករ សួន គៀត សាមញ្ញតែត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទាំងអស់ ហើយប្រជាពលរដ្ឋចិញ្ចឹមទាផ្សេងទៀត គួរសិក្សា ឬយកគំរូតាមគាត់។

ទន្ទឹមនឹងនេះ មន្ត្រីបច្ចេកទេសកសិកម្មរូបនោះបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យងាកមកធ្វើកសិកម្មឱ្យបានច្រើន មិនថាចិញ្ចឹមសត្វ ឬដាំបន្លែទេ ហើយក្រុមមន្ត្រីបច្ចេកទេសកសិកម្មឃុំ នឹងនៅជួយផ្តល់ទាំងបច្ចេកទេស និងការសិក្សាទីផ្សារ ដើម្បីជំរុញជីវភាពបងប្អូនកសិករ និងការអភិវឌ្ឍនៅមូលដ្ឋាន៕