អាជ្ញាធររាជធានីភ្នំពេញកំពុងបន្ដសកម្មភាពបាញ់ថ្នាំសម្លាប់មូស ដើម្បីសុខភាពប្រជាពលរដ្ឋទប់ស្កាត់ជំងឺគ្រុនឈាម ខណៈជំងឺនេះនៅតែបន្ដយាយីសុខភាពប្រជាពលរដ្ឋនៅឡើយ

0

គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈនេះ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាន និងកំពុងបន្ដសកម្មភាពបាញ់នៅឡើយ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈជំងឺនេះនៅតែបន្ដយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ខែរៀងរាល់ឆ្នាំនៅឡើយដែរ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គិតមកដល់ពេលនេះ ក្រុមការងារបាញ់ថ្នាំសម្លាប់មូសនៅតែអនុវត្តទៅតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញបាន និងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងទៅវិញទៅមក ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម។

លោកស្រីបានបន្តថា អាជ្ញាធរខណ្ឌទាំង១៤ ក្រោមការសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសយ៉ាងមមាញឹក ពោលគឺមិនទាន់បានសម្រាកនៅឡើយទេ។ នេះជាគិតគូររបស់ឯកឧត្ដម ឃួង ស្រេង ចំពោះសុខភាពសាធារណៈប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ កាលពីដើមខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី១ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានណែនាំឱ្យបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី២ទៀត ដោយសារមើលឃើញថាមូសបានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខុមាលភាពប្រជាពលរដ្ឋបន្តទៀត។

សូមបញ្ជាក់បន្ថែមថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ចំណែកជុំទី២នេះ បានអនុវត្តកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបង្វែរការបាញ់ថ្នាំសម្លាប់មូសពីខាងក្រៅមកបាញ់តាមផ្ទះប្រជាពលរដ្ឋវិញ ដើម្បីសម្លាប់មូសគ្រប់ប្រភេទនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ កាត់បន្ថការព្រួយបារម្ភរបស់បងប្អូនដោយសារតែកាលពីជុំទី១ ក្រុមការងារចុះបាញ់ថ្នាំមូសបានបាញ់នៅខាងក្រៅផ្ទះប្រជាពលរដ្ឋពោលគឺបាញ់នៅតាមប្រឡាយ លូ និងតាមព្រៃប៉ុណ្ណោះ ហើយសកម្មភាពនេះ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ មិនទាន់បានបញ្ចប់នៅឡើយទេ៕