នៅពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជន បុរី ឡងេ ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ទៅមុខទៀត សូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ
ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ឯកឧត្តម បានបន្តថា ក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរី ។
គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា មានទីតាំងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជាមួយគ្នានោះ ក្រសួងក៏បានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះ ដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន ព្រមទាំងប្រគល់បណ្ណសម្គាល់អចលនវត្ថុជូនបងប្អូន ហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗទៀតនាពេលខាងមុខ៕