ក្នុងឆ្នាំ២០២៤ ការផលិតនិងផ្គត់ផ្គង់ទឹកស្អាត បានសរុបចំនួនប្រមាណ ៥៣០ លានម៉ែត្រគូប មានកំណើនប្រមាណ ៦៨ លានម៉ែត្រគូប ស្មើនឹង ១៤,៩% ធៀបនឹង ឆ្នាំ២០២៣។ ខណៈដែលបបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសមានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលទទួលបានប្រកាសអនុញ្ញាតសរុបចំនួន ៤៥៤ ប្រកាស ដែលក្នុងនោះមានរដ្ឋាករទឹក សាធារណៈចំនួន ១១ (ស្មើនឹង ១៤ប្រកាស) រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកកំពង់ចាម រដ្ឋាករទឹកក្រុងស្ទឹងសែន រដ្ឋាករទឹកកំពត រដ្ឋាករទឹកមណ្ឌលគិរី រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករ ទឹកស្វាយរៀង រដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនមាន ចំនួនសរុប ៤៤០ប្រកាស។
ចំណែកឯការតបំពង់មេ និងបណ្ដាញចែកចាយសរុបមានប្រវែង ៣៦ ៤២៣ គ.ម បើប្រៀបធៀបទៅឆ្នាំ២០២៣ ដែលមានប្រវែងសរុប ៣០ ៣៥១ គ.ម មានការកើនឡើង ៦ ០៧២ គ.ម ដែលស្មើនឹង ២០%។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំដដែលខាងលើ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បានភ្ជាប់តំណជូនអតិថិជន សរុបចំនួន ១ ៤៤០ ៩១៣ តំណ ដែលមានកំណើនឡើង ១៣៣ ១០៣ តំណ ស្មើនឹង ១០,២% ប្រៀបធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានោះ ភូមិចំនួន៧ ៤២៤ ភូមិ ក្នុងចំណោមភូមិសរុបដែលមានក្នុងតំបន់សេវាកម្មចំនួន ១០ ៦៧៩ បានភ្ជាប់បណ្តាញទឹកស្អាត។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើ ប្រាស់ទូទៅដល់សាធារណជន ដោយពង្រឹង និងធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ។
ក្រោមគម្រោងសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យទឹកស្អាត រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំកសាង «ផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន (Project for Formulation of the Development Pan for Urban Water Supply) » ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក៏បាន និងកំពុងពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ទឹកស្អាត ស្ថានភាពមន្ត្រីទទួលបន្ទុកទឹកស្អាតនៅតាមមន្ទីរ ឧ.វ.ប.ន រាជធានី ខេត្ត ពីបញ្ហាប្រឈមក្នុងពេលអនុវត្តតួនាទីរបស់មន្ទីរទាំងអស់ លើការធ្វើបញ្ញត្តកម្មទឹកស្អាត តម្រូវការបណ្តុះបណ្ដាល និងការពង្រឹង សមត្ថភាពដល់មន្ត្រីនៅតាមមន្ទីរ ឧ.វ.ប. រាជធានី ខេត្តផងដែរ៕