សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។
ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។
ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។
ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖
១/ រដ្ឋករទឹកកំពត ខេត្តកំពត
២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
និង៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សម្តេចបវរធិបតី បានបន្តថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត៕