ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៥E1 ផ្លូវ៣១០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញរោងចក្រដែលកើតមានគ្រោះអគ្គិភ័យនេះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទផ្ទះខាងលើនេះ គឺ ថ្មបេតុង ទំហំ (៤ម៉ែត្រ x ២០ម៉ែត្រ) បណ្តាលឲ្យឆេះបន្ទប់ជាន់ទី១ ទំហំ (៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានម៉ាស៉ីនត្រជាក់ ចំនួន០២គ្រឿង, កង្ហារបឺតខ្យល់ ចំនួន០១គ្រឿង, កុំព្យូទ័រ ចំនួន០២គ្រឿង, កាមេរ៉ា ចំនួន០២គ្រឿង រួមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៣និង៥០នាទីរសៀលខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា ដោយសារតែការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕