នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ និងសហការី បានចូលរួមក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) នៃស្ថានទូតជប៉ុន សម្រាប់គម្រោងតម្លើងម៉ាស៊ីនផលិតឧបករណ៍នៅរោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ មានប្រសាសន៍ថា គម្រោងផ្តល់ជំនួយឥតសំណងនេះ នឹងជួយសម្រួលដល់ចង្វាក់ផលិតកម្មរបស់រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងការផលិតគ្រឿងបង្គំឧបករណ៍សិប្បនិម្មិត និងរណបដូចជា អ័ក្សជង្គង់ អ័ក្សរណប និងគ្រឿងបង្គុំផ្សេងៗទៀត។ លើសពីនេះ ដោយមានម៉ាស៊ីនស្វ័យប្រវត្តិថ្មី និងបច្ចេកវិទ្យាទំនើបនេះ នឹងជួយរោងចក្រអាចផលិតបានគ្រឿងបង្គុំឧបករណ៍សិប្បនិម្មិត ដោយចំណាយពេលលឿនជាងមុន និងមានគុណភាពជាងមុន សម្រាប់យកគឿងបង្គុំឧបករណ៍ទាំងនេះទៅផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង ១១កន្លែង និងរោងជាង ៣កន្លែង ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងKUSANONE (គូសាណូណិ) ដែលបានជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា តាមរយៈការជួយពង្រឹងការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ដែលកន្លងមកនេះ គឺបានជួយគាំទ្រដល់ការផ្តល់ជាសម្ភារៈជំនួយដល់ការផ្តល់សេវា និងសាងសង់អគារស្នាក់នៅក្នុងមជ្ឈមណ្ឌលស្តារមួយចំនួនផងដែរ៕