ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ចំពោះយន្តការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់ ឬវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត បានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង ក៏ដូចជាវិវាទនានា សរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង ឬវិវាទផ្នែកដីធ្លីមានចំនួន ២៨០ករណី បណ្ដឹង ឬវិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី បណ្ដឹង ឬវិវាទទៅលើអាជ្ញាធរចំនួន១ករណី។
ឯកឧត្តម បានបន្តថា ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និងបានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។ ចំពោះបណ្ដឹង ឬវិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុកដែលពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី បានច្រានចោលចំនួន១ករណី បានស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី ។
ការគូសបញ្ជាក់របស់ឯកឧត្តម អភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តខាងលើ បានបញ្ជាក់ថា ការដោះស្រាយទំនាស់ ឬវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យភាគីទំនាស់មានទំនុកចិត្ត ដោយសារការដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់ ឬវិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។ ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រីទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាព ព្រមព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពីអ្នកខាងក្រៅ។ ភាគីនៃវិវាទខ្លះ អាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរតួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការបញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលក្នុងការដោះស្រាយវិវាទ។
ឯកឧត្តម សរ ចំរុង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។
ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕