សហគមន៍កសិកម្មទំនើបស្រូវនាងអំដំបូងគេ អភិរក្សទុកពូជស្រូវប្រពៃណីរបស់កម្ពុជា

0

ពូជស្រូវប្រពៃណី អភិរក្សទុកដោយលោកយាយ «អំ» ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរស្រូវដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយលោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានក្លិនក្រអូបប្រហើរ និងមានរសជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០១៨។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ថា ពូជស្រូវនាងអំត្រូវបាន កសិករក្នងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាបយកមកដាំក្នុងសហគន៍ ដែលមានសមាជិកជាង ៦០គ្រួសារ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់នៅកម្ពុជា។ សហគមន៍នេះលាតសន្ធឹងលើផ្ទៃដី ៧២៨ ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតា ជាដីរក្សាព្រៃ។

អង្ករនាងអំត្រូវបានចាត់ចំណាត់ថ្នាក់ជាអង្ករសប្រណិត បាយទន់រមួតល្មម និងមានក្លិនក្រអូបប្រហើរ កិនចេញពីស្រូវនាងអំ ដែលជាប្រភេទស្រូវវស្សា មានភាពធន់ខ្លាំងនឹងអាកាសធាតុ និងត្រូវបានដាំដុះដោយស្តង់ដាសុវត្ថិភាពខ្ពស់។ ចូលរួមគាំទ្រអង្ករក្នុងស្រុកដាំដោយផ្ទាល់ដៃរបស់សហគមន៍កសិករយើងទាំងអស់គ្នា។ ទំនាក់ទំនងសហគមន៍កសិកម្មទំនើបស្រូវនាងអំ 060/012 915 368៕