ប្រទេសនូវែលសេឡង់ ផ្ដល់អាហារូបករណ៍៣៥កន្លែងដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន លើមុខវិជ្ជានានា សម្រាប់ឆ្នាំសិក្សា២០២៦

0

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នឹងផ្ដល់អាហារូបករណ៍៣៥កន្លែងដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន លើមុខវិជ្ជានានា ដើម្បីសិក្សានៅសាកលវិទ្យាល័យនៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៦ខាងមុខ ហើយចំពោះការទទួលពាក្យនឹងត្រូវផុតកំណត់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាស្តីពីកម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS)។

ក្នុងខ្លឹមសាររួមនៃសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសនូវែលសេឡង់នឹងផ្តល់អាហារូបករណ៍ក្រោមកម្មវិធី Manaaki New Zealand Scholarships (MNZS) ថ្នាក់ក្រោយឧត្តមសិក្សាចំនួន៣៥កន្លែងដល់ពលរដ្ឋកម្ពុជាទាំងក្នុងវិស័យសាធារណៈ និងឯកជន លើមុខវិជ្ជាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស (TESOL) ឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានា ប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៦ខាងមុខ ដោយអាហារូបករណ៍នេះនឹងផ្តល់ជូននូវថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភពេលទៅដល់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយប្រចាំថ្ងៃ និងថ្លៃសំបុត្រយន្តហោះទៅមក។

បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ សូមដាក់ពាក្យដោយផ្ទាល់តាមរយៈគេហទំព័រ www.nzscholarships.govt.nz/apply-online ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍ខាងលើបេក្ខជនអាចទាក់ទងការិយាល័យ IDP Education (Cambodia) សាខាទួលទំពូង ឬតាមរយៈអ៊ីមែល [email protected] ឬតាមរយៈទូរសព្ទលេខ ០២៣ ២២២ ០៦៣៕