ឯកឧត្តម ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្តម អ្នកនាំពាក្យ បានបន្តថា កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥។ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។
ថ្នាក់ដឹកនាំក្រសួងខាងលើ បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការតែមមាញឹកនេះ៕