ភ្នំពេញ៖ អគ្គនាយក ARDB ថ្លែងថា ផលិតកម្មស្រូវដែលមានកំណើនយ៉ាងគំហុកក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលបញ្ចេញដើម្បីស្ថិរភាពតម្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថាប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាពឬចុះថោកនោះ កសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឱ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែងបើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាមានស្ថេរភាពនិងកើនឡើងជាបន្តបន្ទាប់ ។
ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦មានជាង៩លានតោន និងបានកើនឡើងរហូតដល់ជាង១៣លានតោនឆ្នាំ២០២៤ ។ហើយប្រសិនស្រូវមានតម្លៃថោកលក់មិនដាច់ ច្បាស់ណាស់ថាកសិករនឹងឈប់ធ្វើស្រែហើយនឹងទៅស្វែងរកការងារធ្វើនៅទីក្រុង ឬក្រៅប្រទេសជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)។
ទន្ទឹមនិងនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។ សរុបជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញគឺមិនបន្តធ្វើទៀតទេ។ ហើយការវិវត្តន៍ជាវិជ្ជមាននេះ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណើនផ្នែកផលិតកម្មដែរ ដូចជាដំណាំចន្ទីរ ដំឡូងមី កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម ជាពិសេស វិស័យបន្លែ-ផ្លែឈើ មានការរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៦ ៕