បណ្តាអាជីវករលក់ជី និងថ្នាំកសិកម្មជាច្រើន មកពីខេត្តបាត់ដំបងបានបង្ហាញការ ពេញចិត្តនូវគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម និងបានសន្យាជួយផ្សព្វផ្សាយ និងជំរុញដល់កសិករខ្មែរ ឱ្យងាកមកចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ខណៈក្រុមអាជីវករទាំងអស់យល់ថា ប្រជាកសិករ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ទៅលើចំណេះដឹងក្នុងការប្រើប្រាស់ថ្នាំ ឬនិយាយឱ្យងាយយល់ អាចឱ្យកសិករ យល់ដឹងអំពីការចំណាយក្នុងការផលិតឱ្យកាន់តែតិច ហើយ ទទួលបាននូវទិន្នផលកាន់តែខ្ពស់ ។
ការលើកឡើងរបស់បណ្តាអាជីវករលក់ថ្នាំ និងជីកសិកម្មខាងលើនេះបានធ្វើឡើងបន្ទាប់ពីពួកគាត់បានចូលរួម ក្នុងពិធីសំណេះសំណាលជាមួយអាជីវករជីកសិកម្ម និងថ្នាំកសិកម្ម កាលពីពេលថ្មីៗនេះ ជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ។
ក្រុមអាជីវករជាច្រើន បានចាត់ទុក ថា ការផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងក្រុមអាជីវករលក់ជីនិងថ្នាំកសិកម្ម ជាមួយក្រសួងកសិកម្ម ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានជួយទៅដល់ការពង្រីកនូវចំណេះដឹង ហើយអាចផ្សព្វផ្សាយបន្ត ទៅកាន់កសិករ ជុំវិញគោលនយោបាយកសិកម្មទំនើប ដែលជាចំណុចពិសេសសម្រាប់វិស័យកសិកម្ម ដែលអនុញ្ញាតឱ្យកសិករ អាចស្វែងរកផលចំណេញ និងផលិតបានទិន្នផលបានច្រើនជាងមុន ដូចជាការចងក្រងសហគមន៍កសិកម្មទំនើប តួយ៉ាងការជ្រើសរើសពូជស្រូវរបស់ខ្មែរ និងការធានានូវតម្លៃទីផ្សារ ទាំងមុនការដាំដុះ និងពេលប្រមូលផលជាដើម ។ ជាមួយគ្នានេះអាចផ្តល់នូវចំណេះ ដឹង ទៅកាន់កសិករ ជុំវិញការប្រើប្រាស់ថ្នាំជីកសិកម្មឱ្យមានប្រសិទ្ធ ភាព ស្របតាមស្តង់ដារបស់ក្រសួងកសិកម្មផ្ទាល់តែម្តង ។
ជាក់ស្តែង លោក រ៉ង សារួន ម្ចាស់ដេប៉ូលក់ជី និងថ្នាំកសិកម្មនៅស្រុកមោងឫស្សី បានសម្តែងក្ដីរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការចងក្រងជាសហគមន៍កសិកម្មទំនើប ដោយលោកយល់ឃើញថា សហគមន៍កសិកម្មទំនើប ពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនដល់កសិករ ។
ដោយឡែក លោក ទិតថា ម្ចាស់ដេប៉ូលក់ជី និងថ្នាំកសិកម្មនៅស្រុកសង្កែ បានឱ្យដឹងដែរថា សំឡេង “សម្រាប់កសិករនឹងទទួលបានផលប្រយោជន៍ច្រើន ពីការធ្វើកសិកម្មទំនើបបែបនេះ ទី១ពាក់ព័ន្ធនឹងការ ផលិតពូជក្នុងស្រុក ទី២ពាក់ព័ន្ធនឹងការចំណាយថ្លៃដើមនៃការផលិតបានកាន់តែទាប ជាពិសេសផលិតផលពូជសម្រាប់នាំចេញទៅសហគមន៍អ៊ឺរ៉ុបជាក់ស្តែងតែម្តង ។ ខ្ញុំនឹងជួយជំរុញ និងផ្សព្វផ្សាយផលវិជ្ជមានដល់កសិករ ឱ្យគាត់ទទួលបាននូវផលប្រយោជន៍ពីការធ្វើកសិកម្ម ជាពិសេសកសិកម្មទំនើប គាត់ទទួលបានទិន្នផលកាន់តែខ្ពស់ គាត់កាត់បន្ថយថ្លៃដើមកាន់តែទាប មួយទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ជីថ្នាំកសិកម្ម ឱ្យទៅតាមលក្ខខ័ណ្ឌបច្ចេកទេស របស់មន្ត្រីកសិកម្ម ក៏ដូចជាពីការណែនាំពីខាងយើងខ្ញុំជាដេប៉ូ”។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមមន្រ្តីជំនាញក្រសួងកសិកម្មបានខិតខំជំរុញឱ្យកសិករ រួមគ្នាបង្កើតជា សហគមន៍កសិកម្ម ទំនើបវិញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួម ក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់ ដែលធានាបានស្ថេរភាពថ្លៃ៕