ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជារំពឹងថានឹងទទួលភ្ញៀវ​ទេសចរ​ជាង៨លាននាក់

0

ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប​ង្ហាញពីក្ដីរំពឹងថា នៅឆ្នាំ២០២៥នេះ តំបន់ឆ្នេរ​កម្ពុជាដែលរួមមានខេត្តចំនួន៤ អាចទាក់ទាញភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ និងទេសចរអន្តរជាតិ ៨០ម៉ឺននាក់ ខណៈ​ដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានអភិវឌ្ឍន៍​បន្ថែម រួមទាំងតំបន់កម្សាន្តថ្មីៗមួយចំនួនទៀតបានបង្កើត​ឡើង។

តើខេត្តតំបន់ឆ្នេរទាំងបួនមានខេត្តណាខ្លះ? មានសក្ដានុពលអ្វីខ្លះ?តំបន់ឆ្នេរនៃប្រទេសកម្ពុជាមាន៤ខេត្តបញ្ចូលគ្នា គឺ​ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ នឹងខេត្តកែប ។ ខេត្តទាំង៤នេះ មានទីតាំងជាប់និងសមុទ្រ​កម្ពុជា ដែលមានប្រវែង​៤៤០គីឡូម៉ែត្រ ។ តំបន់ឆ្នេរប្រទេសកម្ពុជា ត្រូវបាន​កំណត់យកខេត្តព្រះសីហនុ ជាចំណុចកណ្តាល ដែលមានចំងាយ ២៦៣​គីឡូម៉ែត្រ ពីរាធានីភ្នំពេញ។ ខេត្តទាំងបួននោះមានភោគទ្រព្យទេសចរណ៍​ធម្មជាតិទាក់ទាញ​ភ្ញៀវទេសចរសំខាន់ៗ​ជាងគេ គឺ ឆ្នេរសមុទ្រខ្យល់អាកាស​បរិសុទ្ធ ព្រៃភ្នំ ព្រៃកោងកាង ទឹកធ្លាក់ ជាដើម ។

ខេត្តចំនួន៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជាបាននិងកំពុងបង្ហាញពីសក្ដានុពលនៃការទាក់ទាញអ្នកវិនិយោគទៅបណ្ដាក់ទុនបន្ថែមទៀត ស្របពេលរាជរដ្ឋាភិបាល​ក៏បានកំណត់យកខេត្តនៃតំបន់សមុទ្រជាគោលដៅវិនិយោគរបស់ខ្លួនផងដែរ ។ ក្នុងនោះ ខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា មានភាពលេចធ្លោរ និងទទួលបានការវិនិយោគច្រើនជាងគេទៅហើយ។

ដោយផ្អែកលើសក្តានុពលនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាន និង​កំពុង​យកចិត្តទុកដាក់យ៉ាងខ្លាំងទៅ​លើការរៀបចំ និងអភិវឌ្ឍន៍បន្ថែមនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ផ្លូវថ្នល់ តំបន់ឆ្នេរកម្សាន្ត កំពង់ផែទេសចរណ៍ជាពិសេសការតភ្ជាប់បណ្តាខេត្ត​នានា​មកកាន់ខេត្តជាប់តំបន់ឆ្នេរដែលជាគោលដៅ​ទេសចរណ៍ដ៏សំខាន់។ ជាមួយនឹងភាពល្អប្រសើរនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក្នុងឆ្នាំ២០២៥​រំពឹងថា អាចទទួល​បានទេសចរជាតិប្រមាណ ៨លាននាក់ ហើយអន្តរជាតិ​ប្រមាណ ៨០ម៉ឺននាក់។ ដោយឡែកសម្រាប់តែខេត្តព្រះសីហនុ រំពឹងទទួលបាន​ទេសចរជាតិ៤លាននាក់ និងអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់។

វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធ​នាម​ថា ជាមាសបៃតង និងបានរួម​ចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច គាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរ​បែប ដែលធ្វើឱ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីក​ចម្រើន​ក្នុងវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ និងបានចូលរួមចំណែក​ប្រមាណ៣ភាគរយ​នៃផលិត​ផលក្នុងស្រុកសរុប។ នេះជាការគូសរំលេច​បន្ថែមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីទស្សនៈវិស័យទេសចរណ៍ជាវិជ្ជមានរបស់ខេត្តព្រះសីហនុ និងអំពាវនាវឱ្យអង្គភាពខេត្ត​ជាប់មាត់សមុទ្រ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋ ចាប់យកអត្ថប្រយោជន៍ឱ្យបានច្រើន និងប្រកប​ដោយ​​និរន្តរភាព ដោយមានការទទួលខុសត្រូវ ហើយអ្វីដែលសំខាន់​គឺការចូលរួមក្នុងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យរដ្ឋ និងឯកជន ទាំងថ្នាក់ជាតិ ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ​ផងដែរ។

ប្រាប់បណ្ដាញសារព័ត៌មានកាលពីពេលកន្លងទៅនេះដែរ​ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអះអាងថា តបទៅនឹងគោលបំណង និងផែនការរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកដាក់​យ៉ាង​ខ្លាំងទៅ​លើការរៀបចំសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍នៅតាមតំបន់ទេសចរណ៍ និងកម្សាន្តនាតំបន់ឆ្នេរ ជាពិសេសគឺសុខសុវត្ថិភាព​ចំពោះភ្ញៀវទេសចរ ក៏ដូចជាបណ្តាអ្នកធុរកិច្ចផងដែរ។

បន្ថែមពីលើពិធីបុណ្យជាតិ និងសកល ក៏ដូចជាថ្ងៃសម្រាកចុងសប្ដាហ៍ នៅក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់កម្សាន្តនានា​ក្នុងខេត្ត រដ្ឋបាលខេត្តតែង​បង្កើតជាព្រឹត្តិការណ៍សប្បាយៗជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីអំឡុងចុង​ខែមករា ឆ្នាំ២០២៥​កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមកិច្ចសហការពី​សំណាក់ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍​ទេសចរណ៍បាន​យ៉ាង​ជោគជ័យ។ តាមរយៈព្រឹត្តិការណ៍គឺមានគោលបំណង ៖ ១- បង្កើនការទាក់ទាញទេសចរឱ្យមក​សម្រាកកម្សាន្តនៅខេត្តព្រះសីហនុ​កាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ។ ២- ជំរុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពល​ទេសចរណ៍។ ៣- ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។ ៤- ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។

បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់កាលពី​ពេលថ្មីៗនេះថា «ជារៀងរាល់ឆ្នាំ ខេត្តព្រះសីហនុ​មិនដែលសល់កន្លែងផ្ទះ​នៅនោះទេ។ ទេសចរមួយចំនួន ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ថ្ងៃចូលឆ្នាំ ក៏មានការ​បោះតង់តាមឆ្នេរ និងតាមកោះផងដែរ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានកន្លែងស្នាក់ជិតមួយម៉ឺនបន្ទប់»។

គប្បីជម្រាបជូនថា ខេត្តព្រះសីហនុមានសមិទ្ធផលជាច្រើន ដែលសម្រេចបាន ក្នុងនោះមានដូចជា ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្នាន​ផ្សែងបារី ជ័យលាភីផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេ​ប្រចាំឆ្នាំ​២០២៣ ជ័យលាភីបង្គន់សាធារណៈស្តង់ដាអាស៊ាន ស្បាម៉ាហ្សាស្តង់ដា​អាស៊ាន និងសហគមន៍ទេសចរណ៍​ស្តង់ដាអាស៊ាន៕