ភ្នំពេញ៖ ចាប់ពីខែមករាមក ពោលគឺចាប់ពីដើមឆ្នាំ២០២៥មក គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ជាបន្តបន្ទាប់បានកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញ។ គិតពីដើមខែមករាដល់មកដល់ដើមខែកុម្ភ:នេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន៣ បានកើតឡើងនៅ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយបានធ្វើអោយមនុស្សសរុប៥នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយក្នុងចំណោមនេះ គឺបានសម្លាប់ប្តីនិងកូន២នាក់ ខណ:ប្រពន្ធរងរបួសធ្ងន់ កាលពីថ្ងៃទី១០មករា។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានធ្វើអោយតារាចម្រៀងរ៉េបម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ:ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២កុម្ភ:ម្សិលមិញនេះ បានធ្វើអោយបុរសម្នាក់ដែលកំពុង បណ្ដើរម៉ូតូសណ្ដោងរម៉ក់ តាមដងផ្លូវ៦០ម៉ែត្របានបាត់បង់ជីវិតភ្លាមៗដែរ។
បើតាមសមត្ថកិច្ច អ្នកបើករថយន្តបង្កគ្រោះថ្នាក់២នាក់ក្នុងចំណោម៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣ករណីខាងលើ បានរកឃើញថាមានជាតិអាកុលកម្រិត ០,៦៧មីល្លីក្រាម និងម្នាក់ទៀតមានជាតិអាកុលកម្រិត០,៤៦មីល្លីក្រាមក្នុងមួយលីត្រខ្យល់។
យោងតាមមអនុក្រឹត្យលេខ ៣៩ អនក្របក និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបរ រថយន្តនិង ម៉ូតូ ដែលមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,២៥ទៅ០,៣៩ មីល្លីក្រាមក្នុងមួយលីត្រខ្យល់ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល(សម្រាប់អ្នកបើកបរម៉ូតូ ) ៤០ម៉ឺនរៀល(សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ) ៨០ម៉ឺនរៀល(សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់)។
ទន្ទឹមនេះ អ្នកបើកបរ រថយន្តនិង ម៉ូតូ ដែលមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០,៤០ មីល្លីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ ត្រូវផាកពិន័យចំនួន ១លានរៀល(សម្រាប់អ្នកបើកបរម៉ូតូ ) ២លានរៀល(សម្រាប់អ្នកបើកបរ រថយន្តធុនស្រាល ) ៤លានរៀល(សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់)។ ក្នុងករណីមិនរាងចាល ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវឱ្យបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់ នឹងត្រូវជាប់ទោសពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល។
ក្រោយពេលហេតុការណ៍នេះបានកើតឡើង សម្តេចបវរធិបតី ហ៊ុនម៉ាណែត កាលពីថ្ងៃទី២៣ មករាឆ្នាំ២០២៥នៅក្នុងពិធីបិទសន្និបាតក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើឲ្យដាក់រនាំងពុះទ្រូងផ្លូវ ៦០ ម៉ែត្រនិងដាក់មន្ត្រីនគរបាល ត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ឡើងវិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ ដោយសារការបើកបរលើសល្បឿនកំណត់ និងក្រោមឥទ្ធពលគ្រឿងស្រវឹង ហើយបានបង្កអោយមានមនុស្សរបួស និងបាត់បង់ជីវិតជាច្រើននិងជាបន្តបន្ទាប់។
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១២ មករា ឆ្នាំ ២០២៥ បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរដែនដី ចុះពិនិត្យ និង សិក្សាពីស្ថានភាពផ្លូវ ៦០ ម៉ែត្រ ដើម្បីរក មធ្យោបាយធ្វើយ៉ាងណា ឱ្យផ្លូវនេះ កាត់បន្ថយបាននូវ គ្រោះថ្នាក់ចរាចរណ៍ ដោយបានសម្រេច បង្កើន កម្លាំងប៉ូលិស ជាមួយនឹងការរឹតបណ្តឹង ការផាកពិន័យ ចំពោះអ្នកបើកបរ មិនគោរពច្បាប់ចរាចរណ៍ និង បើកបរលើសល្បឿនកំណត់ រៀបចំគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និង ដាក់ភ្លើងស្តុថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែម ចំណាំងផ្លាត លើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើ ដំណើរទាំងពេលយប់និងទាំងពេលថ្ងៃ ។
ជាមួយគ្នានេះរៀបចំ ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពី ភ្លើងស្តុបមែកសឺដែស ដល់ ស្ពានអាកាស « មរតកតេជោ » អាច បើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ចាប់ពី ផ្លូវជាតិលេខ ២ មកដល់ ភ្លើងស្តុបមែកសឺដែស កំណត់ល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថាដោយសារផ្លូវ ៦០ម៉ែត្រមានស្ថានភាពល្អ មានលក្ខណៈធំទូលាយធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវមួយចំនួនតូចមិនគោរពច្បាប់ចរាចរណ៍បង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ ក្នុងចំណោមគ្រោះថ្នាក់ដែលបង្កឡើងមាន ៤៩ភាគរយ ប្រើប្រាស់ល្បឿនលឿនហួសកំណត់។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាឱ្យការិយាល័យជំនាញ និងស្នងការរងដែលពាក់ព័ន្ធគោលដៅចរាចរណ៍ចុះពិនិត្យមើលពេលវេលា និងភូមិសាស្រ្តកើតហេតុ ជាមួយនឹងកត្តាផ្លូវ និងកត្តាផ្សេងៗ ដែលពាក់ព័ន្ធមូលហេតុបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីដាក់វិធានការចុះទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកណ្តាលទីក្រុងនេះ៕