កែប៖ អភិបាលខេត្តកែប បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ដែលប្រឹងប្រែងបំពេញភារកិច្ចរហូតទទួលបានសមិទ្ធផលជាច្រើន ប្រចាំឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តមថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បញ្ជាក់ថា សមិទ្ធផលដែលរដ្ឋបាលស្រុកសម្រេចបាននេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ ជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង និងដឹកនាំឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយដំណាក់កាលទី១ របស់រាជរដ្ឋាបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីបន្តថែរក្សាសន្តិភាព និងពង្រឹងពង្រីកនូវសមិទ្ធផលជូនសង្គមជាតិ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវគោលការណ៍ណែនាំលើការងារសំខាន់ៗ៥ចំណុចសម្រាប់អោយរដ្ឋបាលស្រុកអនុវត្តន៍បន្តរួមមានទី១ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ទី២ ពង្រឹងការផ្តល់សេវាជូនពលរដ្ឋ ទី៣ គិតគូអោយបានម៉ត់ចត់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន ទី៤ ធានាការគ្រប់គ្រងឲ្យបាន នូវធនធានធម្មជាតិ និងទី៥ ពង្រឹងការងារ និងឯកភាពផ្ទៃក្នុង។
យោងរបាយការណ៍របស់លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ថា ឆ្នាំកន្លងទៅរដ្ឋបាលស្រុកបានប្រឹងប្រែងបំពេញការងារនិងទទួលបានលទ្ធផលសម្រេចបានទាំងរូបវន្ត និងអរូបវន្ត ការងារសន្តិសុខសណ្តាប់ធ្នាប់ ការងារផ្តល់សេវាសាធារណៈ ការងារសម្របសម្រូលវិវាទជាដើម ក្រៅពីនោះក្នុងឆ្នាំ២០២៤ អនុវត្តតាមកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រដ្ឋបាលស្រុកបានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនូនទៀត សម្រាប់បម្រើដល់ពលរដ្ឋក្នុងមូលដ្ឋាន៕