ថ្នាក់ដឹកនាំរដ្ឋបាលត្បូងឃ្មុំ ចុះពិនិត្យផ្ទាល់ដំណើរការខួងអណ្តូងចំនួន១២កន្លែង និងប្រព័ន្ធសូឡា ដើម្បីបូមទឹកជួយអន្តរាគមន៍ស្រោចស្រពសង្គ្រោះស្រូវប្រាំងប្រមាណជាង៣០០ហិកតា

0

ត្បួងឃ្មុំ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការខួងអណ្តូងចំនួន១២កន្លែង និងបំពាក់ប្រព័ន្ធសូឡាសម្រាប់បូមទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្ដម ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងសប្បុរជននានា ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣ភូមិ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក រួមមាន ៖ ភូមិត្រពាំងស្ទៀង ចំនួន៣អណ្ដូង ភូមិបុសទី ចំនួន៣អណ្ដូង និងភូមិភូមិពន្លៃ អណ្ដូងធំ២ និងបំពាក់ប្រព័ន្ធសូឡា និងអណ្ដូងតូចចំនួន៤ ដើម្បីបូមទឹកជួយអន្តរាគមន៍ស្រោចស្រពសង្គ្រោះស្រូវប្រាំងប្រមាណជាង៣០០ហិកតា។

បើតាមការឲ្យដឹងពីលោក ប៊ុន ផល្លី មេឃុំកក់ បានបញ្ជាក់ថា៖ រដូវប្រាំងឆ្នាំ២០២៥នេះ ប្រជាកសិករនៅក្នុងឃុំកក់ បានសម្រុកធ្វើស្រូវស្រាលលើផ្ទៃដីប្រមាណជាង៣០០ហិកតា កើនលើសឆ្នាំមុនៗពាក់កណ្តាល បណ្តាលឲ្យប្រឈមការខ្វះទឹកស្រោចស្រពលើផ្ទៃដីប្រមាណ២០០ហិកតា។ ជារៀងរាល់ឆ្នាំ ការធ្វើស្រូវស្រាលរដូវប្រាំង ប្រើប្រភពទឹកពីប្រឡាយ ដែលតភ្ជាប់ពីអាងទឹកបាក់អាយ មកកាន់ភូមិបុសទី និងទឹកស្រះ បៀរ ដែលបានជីកតាមក្បាលស្រែ និងការបុកអណ្តូង របស់កសិករមួយចំនួន។

គិតត្រឹមថ្ងៃទី៣០ ខែមករានេះ មានសប្បុរសជននានា ដែលជួយអណ្តូងទឹក បានចំនួន១២អណ្តូង ក្នុងនោះ រួមមាន ៖ ១.សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ២.ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងលោកជំទាវ ៣.ឯកឧត្ដម ម៉ុន មាគ៌ា និងលោកជំទាវ ៤.លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ៥.លោក ហេង សាន់ដេ និងលោកស្រី ៦.លោកវរសេនីយ៍ត្រី ធន់ ចំណាន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអន្លង់ជ្រៃ និងលោកស្រី និង៧.លោក សូ ហាត់ សមាជិកក្រុមប្រឹក្សាឃុំក្រញូង ស្រុកកំចាយមារ និងលោកស្រី។

ជាមួយគ្នានោះ ប្រជាកសិករ ពួកគាត់ពិតជាមានសេចក្តីសប្បាយរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជននានា ដែលបានយកចិត្តទុកដាក់និងជួយដោះស្រាយការលំបាកបានទាន់ពេលវេលា៕