ចាប់ផ្តើមសាងសង់ទីលានទុកដាក់សំរាម ដែលមានលក្ខណៈស្តង់ដានៅក្រុងបាវិត

0

ស្វាយរៀង៖ ស្ថិតក្រោមគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ​ ការងារអនុគម្រោងសាងសង់​ទីលាន​ទុកដាក់សំរាមក្រុងបាវិត ​ ​ ស្ថិតនៅភូមិ​ច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង បានប្រារព្ធបើកការដ្ឋានការកាលពីព្រឹកថ្ងៃទី៣១​ ខែមករា​ ឆ្នាំ​២០២៥ក្រោមវត្តមានឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ ​ តំណាងទីប្រឹក្សាបច្ចេកទេសទទួល​បន្ទុក​គម្រោងធនាគារអភិវឌ្ឍន៍​អាស៊ី (​ADB) ។

រដ្ឋបាលខេត្តស្វាយរៀងបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជ​រដ្ឋាភិបាលកម្ពុជា​ បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀង​ឥណទានសម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្ប​ទានពី ADB ចំនួន១៨០ លានដុល្លារ និងការចូលរួមជាបដិភាគ របស់​រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារ​ ហើយមានរយៈ​ពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងទី៣១ខែឧសភា ឆ្នាំ២០២៨។

ទន្ទឹមនេះ​ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យ​ចង់រស់នៅ គឺជាក្រសួងសាធារណការ និង​ដឹកជញ្ជូន ដែលត្រូវអនុវត្តអនុ​គម្រោងចំនួន៥ ក្នុងនោះ​ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត​ ខេត្តស្វាយរៀង និង២​អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងកំពត ខេត្តកំពត។

សូមជម្រាបថា​ ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃ​ដីទំហំ ២១ ហិកតា ។គម្រោងនឹងបែងចែក​ដីប្រើប្រាស់ជា២ផ្នែកធំៗ។ផ្នែកទី១. សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រង​ទឹកកខ្វក់​ចេញពីសំណល់ ។ផ្នែកទី២. សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ និងការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែង​ចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងទទួលអាហារ និងកន្លែងសម្រាក កន្លែង​ញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់​ទីលានញែក​សំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើម​ឈើជាដើម។

ការអនុវត្តនៃគម្រោងខាងលើនេះ​ នឹងបានចូលរួមលើកកម្ពស់សោភណភាព​ក្រុងបាវិត ក្នុងការប្រកួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជា​មជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាព​ស្ថាប័ន​របស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕