ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន ហៅកាត់ថា NASLA នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន៤៥វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សា សរុបចំនួន ២.២៩៦រូប ស្រី៥៥៨រូប។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ សិក្ខាកាមទាំងនោះ ភាគច្រើនជាថ្នាក់ដឹកនាំ និងមន្រ្តីចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្រ្តីជាប់ឆ្នោត។
អ្នកនាំពាក្យបានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់ NASLA នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានសម្ដែងការពេញចិត្ត សរសើរចំពោះលទ្ធផលនេះ ដ្បិត NASLA ទើបបង្កើតឡើងក្នុងសម័យកូវីដ-១៩ ខណៈហេដ្ឋារចនាសម្ព័ន្ធសាលានៅមិនទាន់សាងសង់រួចរាល់។
តើមួយឆ្នាំមកនេះ NASLA បានបណ្ដុះបណ្ដាលជំនាញអ្វីខ្លះ? លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងត្រួសៗថា មានជាអាទិ៍ ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គមឃុំ សង្កាត់ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌជាប់ឆ្នោតថ្មី វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីគ្រប់គ្រង សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយ ថវិកាឃុំ សង្កាត់ កិច្ចការរដ្ឋបាល និងការតាក់តែងអត្ថបទ ព្រមទាំងវគ្គសិក្សាវែងខ្លីជាច្រើនទៀត។
សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕