អភិបាលខេត្តបន្ទាយមានជ័យជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធបន្តរួមគ្នាយកចិត្តទុកដាក់ប្រឆាំងការជួញដូរមនុស្ស

0

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និងជាមួយអង្គការដៃគូ ត្រូវបន្តរួមគ្នាបង្កើនការទប់ស្កាត់ និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាឱ្យបាននូវចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ ការជួញដូរមនុស្សក្រោមរូបភាពនាំប្រជាពលរដ្ឋទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការធ្វើអាជីវកម្មផ្លូវភេទ និងការប្រើប្រាស់ពលកម្មកុមារជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ស្ថាប័នសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង មេបញ្ជាការគ្រប់កងឯកភាព មន្ទីរអង្គភាព អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មេប៉ុស្តិ៍ និងតំណាងអង្គការដៃគូ និងសមាជិក សមាជិកា នៃអង្គពិធីប្រមាណជាង២០០នាក់នោះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងកិច្ចការងារប្រឆាំងអំពើជួញដូរមនុស្ស និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ និងបានលើកឡើងថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែមទៀតនោះ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញអាជ្ញាធរគ្រប់លំដាប់ដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម និងបានអំពាវនាវដល់រដ្ឋបាលក្រុង-ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋដើម្បីឱ្យយល់ដឹង អំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្ន មានមធ្យោបាយនៃការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញជាដើម៕