Home សង្គម ឯកឧត្តម នេត សាវឿន៖ គ្មានភ្ញៀវទេសចរណា មកផ្សងព្រេង ឬទស្សនាកម្ពុជា បើកម្ពុជា មិនមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពនោះឡើយ

ឯកឧត្តម នេត សាវឿន៖ គ្មានភ្ញៀវទេសចរណា មកផ្សងព្រេង ឬទស្សនាកម្ពុជា បើកម្ពុជា មិនមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពនោះឡើយ

0

សៀមរាប៖ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើទោះបីកម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ​ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា ។

ការថ្លែងរបស់ឯកឧត្តម នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រនិងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ។

មានប្រសាសន៍ក្នុងពិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្មានភ្ញៀវទេសចរណាគេចង់មកផ្សងព្រេង ឬមកទស្សនាកម្ពុជាកម្សាន្តនៅកម្ពុជា បើកម្ពុជា កំពុងអសន្តិសុខ និងអស្ថេរភាពនោះឡើយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន មានប្រសាសន៍ថា “ពិតណាស់ថា កម្ពុជា មានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់​ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ដឹងគ្រប់ៗគ្នាដែរថា ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព ហើយយើងក៏តែងតែឮភ្ញៀវទេសចរជាច្រើន ​និយាយដូចគ្នាថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ ញញឹមញញែម មានចិត្តមេត្តាធម៌ មានបេះដូងធំ និងមានចិត្តស្មោះ នេះគឺជាកិត្តិនាម ដ៏ល្អផូរផង់មួយ ដែលយើងត្រូវរក្សា ការពារឱ្យបានល្អ ដោយប្រុងប្រយ័ត្នជាទីបំផុត”។

បន្ថែមលើនេះ ឯកឧត្តម នេត សាវឿន បានលើកឡើងថា នេះមិនមែនជាការងារដែលក្រសួងទេសចរណ៍ ឬរាជរដ្ឋាភិបាល ធ្វើតែម្នាក់ឯងនោះឡើយ ពោលគឺត្រូវមានការចូលរួម ពីវិស័យឯកជន និងអ្នកផ្តល់សេវាទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕

Previous articleឯកឧត្តម នេត សាវឿន៖ ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត
Next articleឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ