រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី៖ កម្ពុជាឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់

0

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់។ ជាក់ស្តែង នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើកយកប្រធានបទសារធាតុអាសបេស្តុស (Asbestos) នេះ មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៉ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើង និងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។

តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន។

ឯកឧត្តម សាយ សំអាល់ បានគូសរំលេចថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ គឺយើងនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់ឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឬក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្ន

ខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រងប្រកបដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗ​រូប៕