ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា «ចាប់ផ្តើមផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.o)» និងមានការអញ្ជើញចូលរួមពីឯកឧត្តម Jo Scheuer មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាបរិស្ថាន ក្រុមការងារប្រែប្រួលអាកាសធាតុ តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការជនជាតិដើមភាគិច តំណាងយុវជន និងនិស្សិត ប្រមាណ២០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានភាពងាយរងគ្រោះជាខ្លាំង នៅចំពោះមុខការប្រែប្រួលអាកាសធាតុ ជាមួយកំណើនសីតុណ្ហភាព ភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលកើតមានកាន់តែញឹកញាប់ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ បានគំរាមកំហែងដល់វិស័យកសិកម្ម នេសាទ និងឧស្សាហកម្មទេសចរណ៍។ ជាមួយគ្នានេះ ប្រទេសកម្ពុជាបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយកំណត់របៀបវារៈជាតិប្រកបដោយ មហិច្ឆិតា សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបង្កើតគោលនយោបាយសំខាន់ៗ ដើម្បីឆ្លើយ តបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជា ការរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០២០ យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូននៅក្នុងឆ្នាំ២០២១ និងការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយ និងដំណើរការដែលពាក់ព័ន្ធរបស់ជាតិ។
ក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា NDC 3.0 នេះបន្តទៀត ដើម្បីបង្ហាញពីមហិច្ឆិតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់កម្ពុជា ពីគ្រប់វិស័យជាពិសេសវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្តល់ឱកាសដ៏ល្អ ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មាននិងមានការពិភាក្សាយ៉ាងសកម្មដើម្បីរៀបចំផ៊ែនការជាតិដែលមានគោលដៅច្បាស់លាស់ក្នុងការនាំប្រទេសកម្ពុជាឆ្ពោះទៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាដែលមានរយៈពេលពេញមួយថ្ងៃ ធ្វើឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សាគ្នារៀបចំផែនការសកម្មភាព និងយន្តការសម្របសម្រួលរវាងអន្តរជាតិក្រសួង ស្ថាប័ន និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាដែលនឹងត្រូវដឹកនាំសម្របសម្រួលតាមអនុវិស័យនីមួយៗ ដើម្បីឱ្យប្រាកដថា ដំណើររៀបចំនេះ មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នាតាមអាទិភាពរបស់រាជរដ្ឋាភិបាល និងតាមក្រសួង ស្ថាប័នអន្តរវិស័យ និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕