ព្រះវិហារ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំសម្រេចបានលទ្ធផល ប្រមាណ៤៨ភាគរយ។ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតនៅខេត្តកំពង់ធំ នឹងទទួលផលប្រយោជន៍ខាងកសិកម្ម ពីគម្រោងមួយនេះ។
ដោយប្រើប្រាស់ហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន គម្រោងអភិវឌ្ឍន៍ ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ដល់ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
គម្រោងនេះផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតាហើយដែលអាចបង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោនក្នុងមួយហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើន ទិន្នផល ១៨៣.៨០០ តោនក្នុងមួយឆ្នាំ។
ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ៕